សួរ​ខ្លួនឯង​សំណួរ​ទាំង ៥​នេះ​ ដើម្បី​ត្រៀមខ្លួន​ក្លាយជា​សហគ្រិន​ដ៏​ជោគជ័យ​ម្នាក់

មនុស្ស​ម្នាក់ៗ​តែងមាន​ក្តី​ស្រមៃ​របស់ខ្លួន​ផ្សេងៗ​គ្នា​។ អ្នកខ្លះ​មានបំណង​ចង់​ក្លាយជា​វេជ្ជបណ្ឌិត មេធាវី វិស្វករ សេដ្ឋវិទូ​។​ល​។ ឯ​អ្នក​ខ្លះទៀត​មានបំណង​ចង់​បង្កើត​អាជីវកម្ម​ណាមួយ​ដោយ​ខ្លួនឯង ដោយ​អាជីវកម្ម​នោះ អាចជា​អាជីវកម្ម​ផ្គត់ផ្គង់​ទំនិញ ឬ អាជីវកម្ម​ផ្តល់​សេវាកម្ម​ក្នុង​វិស័យ​ណាមួយ​ក្តី​។ ជាការ​ពិតណាស់ អ្នកនឹង ត្រូវបាន​ចាត់ទុកថា​ជា​សហគ្រិន​មួយរូប​នៅពេលដែល​អ្នក​បាន​បង្កើត និង គ្រប់គ្រង​អាជីវកម្ម​មួយ​ដោយ ខ្លួនឯង​។ សហគ្រិនភាព គឺជា​កិច្ចការ​មួយ​ដែល​មានការ​ប្រឈម​ខ្ពស់​នឹង​ហានិភ័យ​នៃ​ការបរាជ័យ​ប្រសិនបើ​អ្នក មិនបាន​ត្រៀមខ្លួន​ឱ្យបាន​ល្អ​នោះទេ​។

ដើម្បី​ត្រៀមខ្លួន​ក្លាយជា​សហគ្រិន​ដ៏​ជោគជ័យ អ្នក​គួរ​សួរ​ខ្លួនឯង​នូវ​សំនួរ ទាំង ៥ ខាងក្រោម​នេះ​៖

១. តើ​អ្នក​បាន​ត្រៀមខ្លួន​សម្រាប់​សហគ្រិនភាព​ហើយ​ឬ​នៅ​? (Have You Prepared for Entrepreneurship)

​ ​អ្នក​ប្រហែលជា​មានបំណង​ចង់​ក្លាយជា​សហគ្រិន​មួយរូប​ដោយ​គិតថា​ថ្ងៃ​ណាមួយ​អ្នកនឹង​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង​។ សហគ្រិនភាព​គឺជា​កិច្ចការ​មួយ​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ជាខ្លាំង​នៅលើ​សាកលលោក ទាំងមូល​នាពេល​បច្ចុប្បន្ននេះ ជាពិសេស​ខណៈពេលដែល​មានការ​លេចឡើង​នូវ​ភាពជោគជ័យ​ដ៏​មហិមា​របស់ សហគ្រិន​វ័យក្មេង​មួយចំនួន ដូចជា ម៉ាក ហ្សា​ក​ឃ័​រ​ប៊ើ​ច (Mark Zuckerberg) ដាស​ទីន មូស​កូ​វីត​ហ្ស (Dustin Moskovitz) អេ​ន​ឌ្រូ ម៉ា​សិន (Andrew Mason) ម៉ា​ទ្យូ មូ​លិ​ន​វេច (Matthew Mullenweg) និង សហគ្រិន​វ័យក្មេង​របស់​កម្ពុ​ជាមួយ​ចំនួន​ដូចជា ចាង ប៊ុន​លាង (​ស្ថា​និក Brown Coffee) សុខ ស​ភ​មង្គល (​ស្ថា​និក Codingate)​។​ល​។ ភាពជោគជ័យ​របស់​អ្នក​ទាំងនោះ កើតមានឡើង​ដោយសារតែ​ក្តី​ស្រមៃ​ប្រកប ដោយ​ទស្សនវិស័យ ព្រមទាំង​ការត្រៀមខ្លួន​ដ៏​ល្អ​ផងដែរ​។ សហគ្រិន​ជោគជ័យ​តែងតែ​ចំណាយពេល​ជាច្រើន ដើម្បី អភិវឌ្ឍ​នូវ​ផ្នត់គំនិត​អាជីវកម្ម​របស់​ពួកគេ ដើម្បី​ត្រៀមខ្លួន​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ឧបសគ្គ​ទាំងឡាយ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។ ដូច្នេះហើយ ដើម្បី​អាចនឹងទទួល​បាន​ជោគជ័យ​នៅក្នុង​កិច្ចការ អាជីវកម្ម​របស់​អ្នក អ្នក​គួរ​គប្បី​សួរ​ខ្លួនឯង​ថា តើ​អ្នក​បាន​ត្រៀមខ្លួន​ដើម្បី​ក្លាយជា​សហគ្រិន​មួយរូប​ហើយ​ឬ​នៅ​?

២. តើ​គំនិត​អាជីវកម្ម​របស់​អ្នក​អាចទៅរួច​ដែរឬទេ (Is Your Idea Viable)?

​ ​គំនិត​រាប់ពាន់​លាន​តែងតែ​កើតមាន​ឡើងជា​រៀងរាល់ថ្ងៃ​។ ប៉ុន្តែ​គំនិត​ទាំងអស់​មិនមែន​សុទ្ធតែ​អាច​យក មកប្រើប្រាស់​នៅក្នុង​អាជីវកម្ម​​បាន​​នោះឡើយ​។ សហគ្រិន ​គឺជា​ប្រភេទ​មនុស្ស​ដែលមាន​គំនិត​ច្រើន​ពាក់ព័ន្ធ​ទៅនឹង ការប្រកប​អាជីវកម្ម ដែល​គំនិត​ទាំងនោះ​ឆ្លុះបញ្ចាំង​ពី​ការរីកចម្រើន ឬ អន់ថយ​របស់​អាជីវ​កម្ម​មួយ​។ ដូច្នេះហើយ ប្រសិនបើ​អ្នកមាន​បំណង​ចង់​ក្លាយជា​សហគ្រិន​ដ៏​ជោគជ័យ​មួយរូប អ្នក​គួរតែ​ចំណាយពេល​ក្នុងការ​ស្វែងយល់​ពី គំនិត​អាជីវកម្ម​របស់​អ្នក​ឱ្យបាន​ល្អិតល្អន់​ជាមុនសិន​។ សំនួរ​មួយចំនួន​ដែល​អាច​ប្រើប្រាស់​ដើម្បី​សួរ​ខ្លួនឯងបាន ដូចជា​៖ តើ​គំនិត​របស់​អ្នក​អាច​ត្រូវបាន​បង្កើតឡើង​ប្រកបដោយ​ប្រសិទ្ធិភាព​ដែរឬទេ​? តើ​គំនិត​នោះ​មាន​ទីផ្សា ដែរឬទេ​? តើ​អ្នកណា​ជា​គូរ​ប្រ​គួ​ត​ប្រជែង​ដ៏​មាន​សក្តានុពល​របស់​អ្នក​?

៣. តើ​អ្នក​បាន​ពិភាក្សា​ជាមួយ​អ្នកណាម្នាក់​ហើយ​ឬ​នៅ​? (Have You Talked to Others?)

​ ​ប្រសិនបើ​អ្នក​កំពុង​គិត​អំពី​ការបើក​ក្រុមហ៊ុន​មួយ រឿង​ដំបូង​បំផុត​ដែល​អ្នក​គួរតែ​ធ្វើ​គឺ​ពិភាក្សា​ជាមួយ អ្នកណាម្នាក់ ឬ​បុគ្គល​ដទៃ​ផ្សេងទៀត​។ ពិភាក្សា​ជាមួយ​ដៃគូរ​របស់​អ្នក មិត្តភក្តិ គ្រូ និង សហគ្រិន​ដទៃ​ផ្សេង ទៀត​។ ការណ៍​នេះ​នឹង​ជួយ​ឱ្យ​អ្នក​អាច​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​គ្រប់គ្រង​ហានិភ័យ​ណាមួយ​។ ការពិភាក្សា​មិន ត្រឹមតែ​ជួយ​ឱ្យ​អ្នកដឹង​ពី​ថា​តើ​សហគ្រិនភាព​ជះឥទ្ធិពល​ដល់​ជីវិត​របស់​អ្នក​យ៉ាងណា​នោះទេ ប៉ុន្តែ​វា​ថែមទាំង ជួយ​ឱ្យ​អ្នក​ពង្រីក​នូវ​គំនិត​អា​ជី​កម្ម​របស់​អ្នក​បាន​ទៀតផង​។

៤. តើ​អ្នកដឹង​ពី​របៀប​ទាញយក​ប្រយោជន៍​ពី​បច្ចេកវិទ្យា​ដែរឬទេ​? (Do You Know How to Leverage Technology?)

​ ​នៅក្នុង​សតវត្ស​ទី​២១​នេះ បច្ចេកវិទ្យា​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ប្រតិបត្តិការ​អាជីវកម្ម ទាំង​នៅក្នុង​តប​ន់ និង សាកលលោក​។ ជាក់ស្តែង ក្រុមហ៊ុន អា​លី​បា​បា (Alibaba) របស់លោក ចេក ម៉ា (Jack Ma) ក្រុមហ៊ុន អា​ម៉ា​ហ្សូ​ន (Amazon.com) របស់លោក ជេ​ហ្វ បេ​ហ្សូ​ស (Jeff Bezos) និង ក្រុមហ៊ុន អ៊ី​បេ (eBay) របស់លោក ព្យែ អូ​មី​ត្យា (Pierre Omidyar) ជាដើម សុទ្ធតែ​បាន​ប្រើប្រាស់ បច្ចេកវិទ្យា​អ៊ី​ន​ធ័​រ​និ​ត (Internet) ដើម្បី​ប្រកប​អាជីវកម្ម ហើយ​បាន​បង្កើត​ប្រាក់ចំណូល​រាប់ពាន់​លាន​ដុល្លារ ទៅក្នុង​ក្រុមហ៊ុន​របស់​ពួកគេ​។ ជាកា​ពិតណាស់ ក្រៅពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​សិក្សា​ពី​អាជីវកម្ម​របស់​អ្នក ទាំង​ផ្នែក​ខាងក្នុង និង ផ្នែក​ខាងក្រៅ អ្នក​ចាំបាច់​ត្រូវតែ​រៀនសូត្រ​ពី​របៀប​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ធ្វើឱ្យ អាជីវកម្ម​របស់​អ្នក​ជោគជ័យ​ផងដែរ​។

៥. តើ​អ្នក​បានធ្វើ​ផែនការ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ហើយ​ឬ​នៅ​? (Have You Established a Personal Financial Plan?)

​ ​សំនួរ​មួយ​នេះ​ស្តាប់ទៅ​ហាក់ដូចជា​សាមញ្ញ ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន​មិនបាន​យកចិត្តទុកដាក់​ទៅលើ ចំណុច​នេះឡើយ​។ តើ​អ្នក​បាន​រៀនសូត្រ​ពី​របៀប​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​អ្នក​ហើយ​ឬ​នៅ​? អ្នក​ត្រូវ​គួរតែមាន ផែនការ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ដ៏​ច្បាស់លាស់​មួយ ដែល​នេះ​ជាការ​ត្រៀមខ្លួន​មុនពេល​អ្នក​អាច​ទទួលបាន​ចំណូល​ពី អាជីវកម្ម​របស់​អ្នក បើ​មិន​ដូច្នេះ​ទេ​អ្នកនឹង​អាច​ប្រឈម​នូវ​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុងកំឡុងពេល​នៃ​ការប្រកប​អាជីវកម្ម របស់​អ្នក​។ សំនួរ​ដ៏​សំខាន់បំផុត​មួយ​ដែល​អ្នក​ត្រូវ​សួរ​ខ្លួនឯង​នោះ​គឺថា តើ​ប្រាក់​ប៉ុន្មាន​ដែល​អ្នកត្រូវការ​សម្រាប់ ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​របស់​អ្នក​? ឬ​តើ​អ្វីខ្លះ​ដែល​អ្នក​ត្រូវ​កាត់បន្ថយ​? ជា​ចុងក្រោយ តើ​អ្វី​ទៅជា​ផែនការ​បម្រុង នៅពេល​អ្នក​អស់ប្រាក់​? ប្រសិនបើ​អ្នក​មិនអាច​ស្វែងរក​នូវ​ចម្លើយ​ចំពោះ​សំនួរ​ទាំង​នោះបាន​ដោយ​ខ្លួនឯង​ទេ អ្នក​គួរតែ​ប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​ស្វែ​រក​នូវ​ដំណោះស្រាយ​៕

 

​ដោយៈ ប៉ុ​ម ទូច​

​ប្រភពៈ Entrepreneur

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons