រៀន​ពី​របៀប​សន្សំ​លុយ​ក្លាយ​ជា​អ្នក​មានពី​មហាសេដ្ឋី​​​​​ល្បីៗនៅ​លើ​​ពិភព​លោក

d7eef15c6ed2ccb7b19948f441c58e8d

ប្រិយមិត្ត​អ្នកអាន​ច្បាស់​ជា​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​បុគ្គល​មួយ​ចំនួន​ក្លាយ​ជា​មហាសេដ្ឋី? តើ​មហាសេដ្ឋី​ទាំង​នោះ​រក​លុយ​បាន​ដោយ​របៀបណា​ទៅ? តែ​គួរឲ្យ​ស្តាយ​! អ្វី​​​ដែល​ប្រិយមិត្ត​បាន​ស្គាល់​នៅ​ពេល​ដែល​​ឆាក​ជីវិត​របស់​បុគ្គល​​ទាំង​នេះ​​ក្លាយ​ជា​មហាសេដ្ឋី​ទៅ​ហើយ តែ​ប្រហែល​ជា​មិន​បាន​ដឹង​ពី​​ជីវប្រវត្តិ​របស់​បុគ្គល​ទាំង​នោះ​នៅ​ពេល​អតីតកាល​នោះ​ឡើយ។ នេះ​ជា​រឿង​មួយ តែ​អ្វី​ដែល​ប្រិយមិត្ត​គួរ​ស្វែង​យល់​នៅ​ពេល​នេះ នឹង​​ទំនង​ជា​អ្វី​ដែល​លោក​អ្នក​ចង់​ដឹង​​ផង​នោះ​ គឺ​គន្លឹះ​ក្លាយ​ជា​អ្នក​មាន​តែម្តង។ គន្លឹះ​ក្លាយ​ជា​អ្នក​មាន​​គឺ​ការ​សន្សំ​ប្រាក់​នេះ​ឯង ដែល​គ្មាន​មហាសេដ្ឋី​ទាំង​៧ រូប​ណាមួយ​ខាងក្រោម​នេះ​បដិសេធន៍​បាន​ឡើយ ហើយ​ឲ្យ​តម្លៃ​វា​ជា​ពិសេស​ទៀត​ផង។ តើ​មហាសេដ្ឋី​ទាំង​នេះ​មាន​គន្លឹះ​សន្សំ​ប្រាក់​ដូច​ម្តេច​ទើប​ក្លាយ​ជា​អ្នក​មាន? សូម​តាមដាន​​ដូច​ខាងក្រោម​៖ ​​

១) មហាសេដ្ឋី Bill Gates

មហាសេដ្ឋី​ដំបូង​ដែល​ចូល​មក​បង្ហាញ​វិធីសាស្ត្រ​សន្សំ​លុយ​ជូន​ប្រិយមិត្ត​នៅ​ពេល​នេះ​គឺ​មហាសេដ្ឋី​​មាន​ជាងគេ​បំផុត​លំដាប់​ទី២​​នៅ​លើ​ពិភពលោក​របស់​អាមេរិក​គឺ​លោក Bill Gates។ មហាសេដ្ឋី​វ័យ ៥៩ ​ឆ្នាំ​ និង មាន​ទ្រព្យសម្បត្តិ​ ៧៩,៤ ពាន់​លាន​ដុល្លារ​រូប​នេះ​បាន​បង្ហើប​ថា ការ​រៀនសូត្រ​កំហុស​​អតីតកាល​​​ ជា​ពិសេស​រឿង​ចាយ​វាយ​ផ្តេសផ្តាស​នេះ​​នឹង​ជួយ​ឲ្យ​​អ្នក​អាច​ក្លាយ​ជា​អ្នក​មាន។

«អ្នក​ដែល​​ជោគជ័យ​ច្រើន​ក្នុង​ហិរញ្ញវត្ថុ​ មិន​មែន​ជា​មនុស្ស​ដែល​ត្រឹមតែ​​បង្កើត​កំហុស​ចាយ​វាយ​ផ្តេសផ្តាស​នោះ​ទេ តែ​ក៏​ជា​អ្នក​ដែល​ពូកែ​រៀនសូត្រ​ពី​កំហុស​នេះ​ផង​ដែរ។ យើង​ត្រូវ​តែ​រីករាយ​នូវ​សមិទ្ធផល​របស់​យើង តែ​អ្វី​ដែល​សំខាន់​ជាង​នោះ​គឺ​ត្រូវ​រៀនសូត្រ​ពី​ការ​បរាជ័យ​របស់​យើង»។ នេះ​ជា​ការ​លើកឡើង​របស់​​លោក Bill Gates​។

២) មហាសេដ្ឋី Warren Buffett

នៅ​សហរដ្ឋ​អាមេរិក​ដដែល​ ​មហាសេដ្ឋី​​លំដាប់​ទី៣ ពិភពលោក​ Warren Buffett ឯណេះ​វិញ​​បាន​បង្ហាញ​ពី​គន្លឹះ​សន្សំ​ប្រាក់​ក្លាយ​ជា​អ្នក​មាន​ដែរ។ មហាសេដ្ឋី​អាមេរិក​​វ័យ​ ៨៥ ​ឆ្នាំ​រូប​នេះ​បាន​​បង្ហាញ​ពិភពលោក​ឲ្យ​​ដឹង​​​តាម​រយៈ​ការ​រស់​នៅ​យ៉ាង​សាមញ្ញ​របស់​​លោក​នៅ​ក្នុង​ផ្ទះ​​ដដែល​ដែល​លោក​បាន​ទិញ​តាំង​ពី​ឆ្នាំ ១៩៥៨​មក​។

នេះ​បាន​បញ្ជាក់​ថា ទោះបី​ជា​​មហាសេដ្ឋី​រូប​នេះ​មាន​លុយ​ច្រើន​មហាសាល​រហូត​ដល់ ៦៧,២ ពាន់​លាន​ដុល្លារ​​​ក៏ដោយ ​ក៏​លោក​មិន​ខ្ជះខ្ជាយ​ប្រាក់​ទៅ​ទិញ​អ្វី​ដែល​មិន​សូវ​សំខាន់​នោះ​​ដែរ​។ យ៉ាងណាមិញ​ លោក​បាន​ដឹង​ថា ការ​​យក​លុយ​ទៅ​វិនិយោគ​ទៅ​លើ​អ្វី​ដែល​ត្រឹមត្រូវ​ដូច​ជា​ទីផ្សារ​ភាគហ៊ុន​​នៅ​ពេលនេះ​ជា​ដើម​ ទើប​​​ធ្វើ​ឲ្យ​លោក​​មាន​លុយ​ចាយ​មិន​អស់​​​រហូត​ដល់​សព្វថ្ងៃ។ ​

៣) មហាសេដ្ឋី Richard Branson

ឥឡូវ​នេះ​សូម​ប្រិយមិត្ត​អ្នកអាន​បន្ត​ដំណើរ​មក​កាន់​ទឹកដី​អង់គ្លេស​វិញ ​ដើម្បី​រៀន​សូត្រ​ពី​​របៀប​សន្សំ​លុយ​ក្លាយ​ជា​អ្នក​មាន​​ពី​មហាសេដ្ឋី​ Richard Branson។ សម្រាប់​លោក Branson បាន​មាន​ប្រសាសន៍​ថា ចំណាយ​លុយ​​ឲ្យ​មាន​ប្រសិទ្ធភាព លុះត្រា​តែ​យើង​រៀប​ចំ​គម្រោង​ចំណាយ​នោះ​ឲ្យ​បាន​ច្បាស់លាស់​ជា​​មុន​សិន។

មហាសេដ្ឋី​វ័យ ៦៥ ឆ្នាំ និង មាន​ទ្រព្យសម្បត្តិ ៥ ពាន់​លាន​ដុល្លារ​​រូប​នេះ​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា៖ «នៅ​ពេល​ដែល​យើង​ចាយ​ចំ​ទិស​ដៅ ហើយ​ព្យាយាម​​​ធ្វើ​ការ​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​នោះ​​ នៅ​ថ្ងៃ​ខាងមុខ​អ្នក​នឹង​ជោគជ័យ​ជា​មិន​ខាន មិន​ថា​ផ្លូវ​ដែល​ត្រូវ​ទៅ​នោះ​យូរ​ប៉ុណ្ណា ឬ​លំបាក​ប៉ុណ្ណា​នោះ​ឡើយ»។

៤) មហាសេដ្ឋី Carlos Slim Helú

មាន​ឈ្មោះ​ជា​មហាសេដ្ឋី​​​មាន​ជាងគេ​បំផុត​​នៅ​លើ​ពិភពលោក​នា​​ពេល​បច្ចុប្បន្ន លោក Carlos Slim ក៏​មាន​តិកនិក​សន្សំ​ប្រាក់​ឲ្យ​ក្លាយ​ជា​អ្នក​មាន​ដែរ។ មហាសេដ្ឋី​វ័យ ៧៥ ឆ្នាំ និង មាន​ទ្រព្យសម្បតិ្ត​ ៧៩,៥ ពាន់​លាន​ដុល្លារ​​រូប​នេះ​បាន​​ផ្តល់​ដំបូន្មាន​ថា អ្នក​ដែល​អាច​សន្សំ​ប្រាក់​កាន់តែ​ឆាប់ អ្នក​នោះ​មាន​ឱកាស​​ក្លាយ​ជា​អ្នក​មាន​កាន់តែ​ច្រើន។ ​

«ចាប់​ផ្តើម​សន្សំ​ប្រាក់​របស់​អ្នក​​​ភ្លាម​ទៅ ​កាន់តែ​ឆាប់​កាន់​តែ​ល្អ​តាម​​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។ ដរាបណា​អ្នក​​បាន​សន្សំ​លុយ និង គ្រប់គ្រង​លុយ​កាន់តែ​មាន​ប្រសិទ្ធភាព ដរាប​នោះ​អ្នក​នឹង​ក្លាយ​ជា​អ្នក​មាន​ឆាប់ៗ​​ មិន​ខ្វល់​ថា​ការងារ​របស់​អ្នក​ជា​អ្វី​នោះ​ទេ»។ នេះ​ជា​ប្រសាសន៍​របស់​មហាសេដ្ឋី​មិកស៊ីកូ​រូប​នេះ។

៥) មហាសេដ្ឋី Mark Zuckerberg

អ្នក​បាន​ដឹង​ពី​តិចនិក​សន្សំ​ប្រាក់​​របស់​មហាសេដ្ឋី​ជើង​ចាស់ ចុះ​មក​សាកល្បង​ស្វែង​យល់​ពី​គន្លឹះ​សន្សំ​ប្រាក់​ពី​មហាសេដ្ឋី​វ័យ​ក្មេង​វ័យ​ម្តង​មើលមាន​អ្វី​ប្លែក ខណៈ​ដែល​លោក​បាន​ក្លាយ​ជា​មហាសេដ្ឋី​អាមេរិក​លឿន​ដូច​ផ្លេកបន្ទោរ​​នោះ​? បើ​តាម​សកម្មភាព​របស់​លោក​ប្រចាំ​ថ្ងៃ​អាច​បញ្ជាក់​បាន​ថា មហាសេដ្ឋី​វ័យ ៣១ ឆ្នាំ និង ជា​ CEO របស់​ក្រុមហ៊ុន​​ Facebook ​រូប​នេះ​​មាន​ជីវិត​សាមញ្ញ​មិន​ខុស​ពី​មហាសេដ្ឋី Warren Buffett ​នោះ​ទេ ពោល​គឺ​ជីវិត​សាមញ្ញ​ជា​អ្វី​ដែល​លោក​ចូលចិត្ត​បំផុត។

« ជីវិត​របស់​ខ្ញុំ​គឺ​សាមញ្ញ​ទេ គឺ​ដូច​មនុស្ស​ទូទៅ​ដែរ។ លុយ​ដ៏​ច្រើន​របស់​ខ្ញុំ​​​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​ចូលចិត្ត​ប្រើ​វា​ឲ្យ​មាន​តម្លៃ»។ នេះ​គឺ​​​ជា​ប្រសាសន៍​របស់​មហាសេដ្ឋី​មាន​ប្រាក់​ ៣៣,៥ ពាន់​លាន​ដុល្លារ​រូប​នេះ។

៦) មហាសេដ្ឋី Jack Ma ​​

ទើប​នឹង​​​រីកមុខ​រីក​មាត់​នៅ​ពេល​ដែល​​ក្រុមហ៊ុន​ Alibaba មាន​ហាង​ឆេង​ល្អ​នៅ​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ មហាសេដ្ឋី​ចិន​លោក Jack Ma ក៏​បាន​បង្ហាញ​យុទ្ធសាស្ត្រ​​​​ក្លាយ​ជា​អ្នក​មាន​ដែរ។ មហាសេដ្ឋី​មាន​ប្រាក់ ១៩,៨ ពាន់​​លាន​ដុល្លារ​​រូប​នេះ​បាន​លើក​ឡើង​ថា នៅ​ពេល​ដែល​លោក​បើក​អាជីវកម្ម​រក​លុយ លោក​​បាន​ចាត់ទុក​ថា ​អតិថិជន​គឺ​ជា​ស្តេច ហើយ​អ្នក​ដែល​សំខាន់​បន្ទាប់​គឺ​បុគ្គលិក និង ចុងក្រោយ​គឺ​ម្ចាស់ភាគហ៊ុន​នៅ​ក្នុង​ក្រុម​ហ៊ុន​របស់​លោក។

មហាសេដ្ឋី​វ័យ ៥១ ​ឆ្នាំ​រូប​នេះ​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា៖« បុគ្គលិកលក្ខណៈ​​របស់​មនុស្ស​ម្នាក់​គឺ​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​គ្រប់គ្រង​លើ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​​ខ្លួន។ វា​មានតម្លៃ​ជាង​សមត្ថភាព​ទៅ​ទៀត។ អ្នក​ដែល​​គ្មាន​គោលដៅ នឹង​ធ្លាក់​ជ្រោះ។ អ្នក​​ដែល​​រៀបចំ​គោលដៅ​​បាន​ត្រឹមត្រូវ នឹង​ក្លាយ​ជា​ស្តេច »។

៧) មហាសេដ្ឋី Michael Bloomberg

ប្រិយមិត្ត​សាក​ទាយ​ទៅ​មើល​ការងារ​ដ៏​ល្អ​ដើម្បី​ក្លាយ​ជា​អ្នក​មាន​បាន​របស់​​មហាសេដ្ឋី​អាមេរិក​លោក Michael Bloomberg គឺ​ជា​អ្វី? ក្នុង​នាម​ជា​មហាសេដ្ឋី​​ដ៏​​មាន​សក្ដានុពល​​ក្នុង​ឆាក​នយោបាយ​អាមេរិក ម្ចាស់ភាគហ៊ុន​របស់​ក្រុមហ៊ុន Bloomberg L.P. វ័យ ៧៣ ឆ្នាំ​រូប​នេះ​​​មាន​ប្រសាសន៍​ថា ការងារ​ដ៏​ល្អ​ដើម្បី​ក្លាយ​​​អ្នក​​មាន​គឺ​ពូកែ​សន្សំ​​​ប្រាក់​។

«កាល​ពី​ក្មេង​ ក្នុង​រយៈ​ពេល​១០ ឆ្នាំ​ខ្ញុំ​មាន​ស្បែក​ជើង​កញ្ចាស់​តែ​មួយ​គូ​ប៉ុណ្ណោះ​ដើម្បី​ពាក់​ទៅ​ធ្វើ​ការ​។ ខ្ញុំ​ចង់​បាន​ស្បែក​ជើង​ថ្មី​ តែ​មិន​​អាច​ទៅ​រួច​នោះ​ឡើយ។ តែ​ខ្ញុំ​បាន​ដឹង​ថា ការ​សន្សំ​របស់​ខ្ញុំ​មិនមែន​ដើម្បី​ទិញ​ស្បែក​ជើង​ថ្មី​នោះ​ទេ តែ​​ជា​ការ​សន្សំ​ដើម្បី​យក​ទៅ​វិនិយោគ​​ក្លាយ​ជា​​មហាសេដ្ឋី​ដូច​សព្វថ្ងៃ​នេះ»។ នេះ​ជា​ការ​លើក​ឡើង​របស់​មហាសេដ្ឋី​មាន​ប្រាក់ ៣៣,១ ពាន់​លាន​ដុល្លារ​រូប​នេះ៕

ប្រភព៖ www.thebnews.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons