សម្រង់គំនិតជោគជ័យ របស់មហាសេដ្ឋី ៣រូប មិនបានបញ្ចប់ការសិក្សា នៅវិទ្យាល័យ

cae65d01ec2a64bc8fc7648534ac0f22

លោកអ្នកប្រហែលជាធ្លាប់បានគិតហើយថា ការបោះបង់ចោលការសិក្សា ជាជម្រើសមិនល្អ ដែលធ្វើឲ្យលោកអ្នកបាត់បង់ឱកាស ទទួលបានការងារល្អៗ តែមានបុគ្គលជោគជ័យមួយចំនួន​ ដែលបានបោះបង់ចោលការសិក្សា ហើយចាប់យកឱកាសក្នុងពិភពអាជីវកម្ម និងទទួលបានជោគជ័យ។ ពាណិជ្ជកម្ម កម្ពុជា នឹងស្រង់យកគំនិតល្អៗ ពីមហាសេដ្ឋី ៣រូប ដែលមិនបានបញ្ចប់ការសិក្សា មកបង្ហាញដូចខាងក្រោម៖

១. លោក John D. Rockefeller៖ កុំភ័យខ្លាចនឹងលះបង់របស់ល្អ ដើម្បីចាប់យករបស់ដ៏អស្ចារ្យ

លោក John D. Rockefeller ជាមហាសេដ្ឋីសញ្ជាតិអាមេរិកាំង ដ៏ពូកែម្នាក់ ដែលមិនបានរៀនចប់ថ្នាក់វិទ្យាល័យ ប៉ុន្តែអាចសិក្សាមហាវិទ្យាល័យផ្នែកពាណិជ្ជកម្ម មុនពេលដែល លោកបានចេញស្វែងរកការងារ តាំងពីអាយុ ១៦ឆ្នាំ រហូតដល់លោកបានក្លាយជា ស្ថាបនិកក្រុមហ៊ុនប្រេងដ៏ធំជាងគេ នៅ អាមេរិក ហើយមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបចំនួន ៣៤០ពាន់លានដុល្លារអាមេរិក។

ឃ្លាមួយរបស់លោក John D. Rockefeller តែងតែលើកឡើងសម្រាប់សាធារណៈជន នោះគឺ កុំភ័យខ្លាចនឹងលះបង់របស់ល្អ ដើម្បីចាប់យករបស់ដ៏អស្ចារ្យ មានន័យថា កុំស្ទាក់ស្ទើរក្នុងការចាប់យកឱកាសដែលប្រសើរជាង អ្វីដែលលោកអ្នកកំពុងតែមាន។

២. លោក Henry Ford៖ កុំស្វែងរកកំហុស ស្វែងរកសំណង

រថយន្ត Ford ដំបូងគឺបង្កើតឡើងដោយលោក Henry Ford ក្នុងឆ្នាំ ១៨៩៦ ហើយលោកមានទ្រព្យសម្បត្តិសុទ្ធចំនួន ១៩៩ពាន់លានដុល្លារអាមេរិក។ ប្រវត្តិលោក Henry Ford ដើមឡើយជាកូនកសិករម្នាក់ ដែលរូបលោកបានចាកចេញពីគ្រួសារ និងបញ្ឈប់ការសិក្សាត្រឹមថ្នាក់វិទ្យាល័យ នៅពេលដែលលោកមានអាយុ ១៦ឆ្នាំ។ តាំងពីតូច លោកជាក្មេងរពឹសម្នាក់ ដែលមានចំណង់ចិត្តខាងជួសជុល ដល់ពេលធំឡើងលោកចាកចេញ ដើម្បីស្វែងរកការងារនៅក្នុងហាងម៉ាស៊ីន ក្រោយមកលោកក្លាយជា មេការវិស្វករនៅក្នុងក្រុមហ៊ុន Edison Illuminating។

លោក Henry Ford ជាបុគ្គលម្នាក់ដែលធ្លាប់បរាជ័យរាប់មិនអស់ ក្នុងខ្សែជីវិតរបស់លោក ប៉ុន្តែលោកមិនដែលចុះចាញ់នោះឡើយ។

ឃ្លាមួយរបស់ Henry Ford ដែលតែងតែនិយាយ គឺថា កុំស្វែងរកកំហុស ស្វែងរកសំណង នេះចង់បញ្ជាក់ថា មនុស្សគ្រប់គ្នាធ្វើអ្វីក៏ដោយតែងតែមានកំហុស មិនអាចគេចផុតឡើយ ដូច្នេះចូររៀនសិក្សាពីកំហុស ដើម្បីទទួលបានផលចំណេញត្រលប់មកវិញ កុំព្យាយាមចាប់កំហុស ស្តីបន្ទោស តែមិនបានអ្វីមកវិញ។

៣. លោក Amancio Ortega៖ កុំកំណត់ខ្លួនឯង ឲ្យបន្តដើរលើផ្លូវ ដែលទើបតែបើកថ្មីៗ

កាលពីអាយុប្រមាណ ១៤ឆ្នាំ លោក Amancio Ortega បានឈប់ពីការសិក្សា មកចាប់ផ្ដើមអាជីវកម្មតូចមួយក្នុងស្រុក។ ក្នុងឆ្នាំ ១៩៧៥ លោកជាអ្នកបង្កើតម៉ូដសំលៀកបំពាក់យីហោ Zara ដំបូងបង្អស់ រហូតដល់ Zara មានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុត ជុំវិញពិភពលោកមកទល់សព្វថ្ងៃ។ លោក Amancio Ortega មានសញ្ជាតិជាជនជាតិ អេស្ប៉ាញ ដែលមានទ្រព្យសម្បត្តិប្រហែល ៧៤ពាន់លានដុល្លារអាមេរិក។

ឃ្លាមួយរបស់លោក Amancio Ortega ដើម្បីជោគជ័យគឺ កុំកំណត់ខ្លួនឯង ឲ្យបន្តដើរលើផ្លូវ ដែលទើបតែបើកថ្មីៗ មានន័យថា បើលោកអ្នករកឃើញផ្លូវថ្មីមួយ ដែលអាចជួយអភិវឌ្ឍលោកអ្នកបានហើយ កុំឈប់បន្តស្វែងរកផ្លូវអភិវឌ្ឍខ្លួនឯងទៅមុខទៀត គឺត្រូវតែផ្តល់ឱកាសឲ្យខ្លួនឯង ស្វែងរកផ្លូវរីកចម្រើនទៅមុខទៀត រហូតទាល់តែរកឃើញផ្លូវជោគជ័យពិតប្រាកដ៕

ប្រភព៖ www.business-cambodia.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons