ចង់​ដឹង​ថា បុគ្គល​ជោគជ័យ និង​បរាជ័យ​​​ខុសគ្នា​អ្វី​ខ្លះ សូម​មើល​​ចំណុច​ទាំង ១០​នេះ!

ext

មាន​មនុស្ស​មិន​តិច​ទេ​ នៅ​លើ​ភពផែន​ដី​នេះ អាច​និយាយ​​បាន​ថា​ ភាគច្រើន​បាន​បរាជ័យ​ក្នុង​ជីវិត​របស់​ខ្លួន ហើយ​លាចាក​ទៅ​វិញ​ដោយ​ភាព​ស្តាយក្រោយ ​ទាំង​មិន​អស់​ចិត្ត និង​មិន​បាន​បន្សល់ទុក​អ្វី​សោះ​នោះ​ឡើយ​​ដល់​មនុស្ស​ជំនាន់​ក្រោយ។ ​

ប្រិយមិត្ត​អាច​សង្កេត​​ បាន​ពី​ភាព​ខុសគ្នា​​រវាង​បុគ្គល​ជោគជ័យ និង បុគ្គល​បរាជ័យ​ត្រង់​ថា បុគ្គល​ជោគជ័យ​ឲ្យ​នាំ​មក​នូវ​សមិទ្ធផល​ល្អៗ​សម្រាប់​ខ្លួនឯង​​ ​និង​អ្នកដទៃ​មាន​ដូចជា ទ្រព្យសម្បតិ្ត សុភមង្គល ឬ ​ចែក​រំលែក​ទស្សនៈ ​មានតម្លៃ​​យ៉ាង​មហាសាល​រាប់​មិន​អស់​ដល់​មនុស្ស​​ជុំវិញ​ខ្លួន។

ចុះ​បុគ្គល​បរាជ័យ វិញ​​មាន​អ្វី​ខ្លះ​ទៅ?​​ នេះ​ហើយ​ជា​មូលហេតុ​​ដែល​ The BNEWS លើក​យក​សញ្ញាណ​សំខាន់ៗ​​​ចំនួន ​១០ នៃ​ភាព​ខុសគ្នា​​រវាង​​បុគ្គល​​ជោគជ័យ និង​បុគ្គល​បរាជ័យ​មក​ចែក​ជួន​ប្រិយមិត្ត​ស្វែងយល់​​ដូច​ខាងក្រោម​នេះ៖​​

១) បុគ្គល​ជោគជ័យ​ទទួល​យក​ការ​ផ្លាស់ប្ដូរ តែ​បុគ្គល​បរាជ័យ​ភ័យខ្លាច​ការ​ផ្លាស់ប្ដូរ

គេ​ហាក់​សម្លឹង​មើល​មិន​ឃើញ​ឡើយ​ដែល​ថា ​បុគ្គល​ជោគជ័យ​​ភ័យ​ខ្លាច​ការ​ផ្លាស់ប្ដូរ​។​តាម​ពិត ​​បុគ្គល​ប្រភេទ​នេះ​បាន​យល់​ខ្លួន​ឯង​រួចស្រេច​ទៅ​ហើយ​ថា គ្មាន​អ្នកណា​ម្នាក់​អាច​គេច​ចេញ​​ពី​​ការ​ផ្លាស់ប្ដូរ​បាន​ឡើយ។ បរាជ័យ ការ​បាត់បង់​វត្ថុ​​ដែល​ខ្លួន​ស្រលាញ់ ភាព​ទុក្ខព្រួយ សប្បាយ សេចក្តី ស្លាប់ ឬ ត្រៀម​ខ្លួន​ទទួល​យក​អ្វី​ដែល​ថ្មីៗ គឺ​​ជា​អ្វី​ដែល​មនុស្ស​គ្រប់រូប​ជួប​ប្រទះ។ ប៉ុន្តែ មាន​តែ​មនុស្ស​ល្ងង់ និង មនុស្ស​បរាជ័យ​ទេ​ដែល​ភ័យខ្លាច​បញ្ហា​ទាំង​នេះ​ជាទីបំផុត។

២) ​បុគ្គល​ជោគជ័យ​ចង់​ឲ្យ​អ្នក​​ដទៃ​ជោគជ័យ​ដូច​ខ្លួន តែ​​​​បុគ្គល​បរាជ័យ​ចង់​ឲ្យ​អ្នក​ដទៃ​បរាជ័យ​ដូច​ខ្លួន​ដែរ

ចំណុច​ដែល​ជា​ទម្លាប់​អាក្រក់​មួយ​ទៀត​របស់​មនុស្ស​បរាជ័យ​ គឺ​ការ​បន់ស្រន់ ឬ រង់ចាំ​ឲ្យ​អ្នក​ដទៃ​បរាជ័យ​ដូច​ខ្លួន​ដែរ។ ព្រោះ​ហេតុអ្វី? ព្រោះ​ថា​ បុគ្គល​បរាជ័យ​មិន​ចូលចិត្ត​ធ្វើ​អ្វី​ឲ្យ​កើត​ចេញ​ជា​ដុំកំភួន​នោះ​ឡើយ ហើយ​ចូលចិត្ត​ចំណាយ​ពេល​ឥតប្រយោជន៍​ដូច​បំពង់​រង់ចាំ​ទឹកភ្លៀង។ សម្រាប់​បុគ្គល​ជោគជ័យ​វិញ នេះ​គឺ​ជា​ទម្លាប់​ដ៏​គួរឲ្យ​ស្អប់ខ្ពើម​ដែល​មិន​គូរ​មាន​វត្តមាន​នៅ​ក្នុង​​សង្គម​​មនុស្ស​នោះ​ឡើយ ត្បិតអី​បុគ្គល​ជោគជ័យ​ មិន​ត្រឹមតែ​​បាន​ធ្វើ​ឲ្យ​ខ្លួនឯង​ឲ្យ​ជោគជ័យ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ឲ្យ​អ្នក​ដទៃ​ជោគជ័យ​ដូច​ខ្លួន​ផង​ដែរ។​​​

៣) មនុស្ស​ជោគជ័យ​ទទួល​​ខុសត្រូវ​លើ​ការ​បរាជ័យ​របស់​​ខ្លួន តែ​មនុស្ស​បរាជ័យ​ទម្លាក់​កំហុស​ការ​បរាជ័យ​របស់​ខ្លួន​លើ​អ្នក​ដទៃ ទំនួលខុសត្រូវ​របស់​បុគ្គល​ជោគជ័យ ធ្វើ​ឲ្យ​គេ​នឹកឃើញ​ដល់​បុគ្គល​ម្នាក់​ទៀត នោះ​គឺ​ភាព​ជា​អ្នកដឹកនាំ ព្រោះ​ថា​អ្នក​ដឹកនាំ​គឺ​ជា​មនុស្ស​ដែល​មាន​ទំនួលខុសត្រូវ​ខ្ពស់​​គ្រប់​​ភារកិច្ច​ ឬ លទ្ធផល​អវិជ្ជមាន​​ដែល​កើត​ចេញ​ពី​សកម្មភាព​ និង មនុស្ស​ក្រោម​បង្គាប់​របស់​ខ្លួន។ ផ្ទុយ​ពី​មនុស្ស​បរាជ័យ​ដែល​ចូលចិត្ត​ទម្លាក់កំហុស​ដល់​អ្នកដទៃ​ បុគ្គល​​ជោគជ័យ​តែង​លើក​យក​ដំណោះស្រាយ​ធ្វើ​ជា​ស្ពាន ត្រួសត្រាយ​ផ្លូវ​ដល់​មនុស្ស​គ្រប់គ្នា​ឲ្យ​មាន​មុខមាត់​ងើប​ឡើង​វិញ​បាន។

៤) បុគ្គល​ជោគជ័យ​រិះរក​គំនិត​ល្អៗ​សម្រាប់​ខ្លួន​ឯង តែ​បុគ្គល​បរាជ័យ​រិះរក​​គំនិត​អាក្រក់ៗ​រិះគន់​អ្នក​ដទៃ

តើ​​លោក​អ្នក​ធ្លាប់​អង្កេត​ដែរ​ទេ​ថា ​មាន​មនុស្ស​មួយ​ចំនួន​គ្មាន​ការងារ​ធ្វើ​យក​រឿង​អ្នកដទៃ​មក​និយាយ​ និង​​រិះគន់​ពីនេះពីនោះ​​ឥត​សំចៃមាត់ ហើយ​ថែម​​ទាំង​ដេក​​ចាំ​មើល​​ទង្វើ​របស់​អ្នកដទៃ​​ទៀត​ផង​។ នេះ​ហើយ​ជា​សញ្ញាណ​មួយ​​របស់​មនុស្ស​​បរាជ័យ។ ងាក​មក​មើល​មនុស្ស​​ជោគជ័យ​វិញ សកម្មភាព​ទាំង​នេះ​គ្មាន​ប្រយោជន៍​អ្វី​សោះ​ឡើយ តែ​ការ​ដែល​រិះរក​គំនិត​ល្អៗ​ជា​បំណិន​ជីវិត​​ទើប​ជា​រឿង​មួយ​ដែល​ពួកគេ​ត្រូវ​ធ្វើ​ដោយ​គ្មាន​ពេល​កំណត់​នូវ​អ្វី​ដែល​​បុគ្គល​ប្រភេទ​នេះ​យល់​ថា អាច​ធ្វើ​ឲ្យ​ពិភពលោក​ផ្លាស់ប្ដូរ​​បាន។

៥) បុគ្គល​ជោគជ័យ​មាន​គម្រោង​​​សម្រាប់​ជីវិត តែ​បុគ្គល​បរាជ័យ​គ្មាន​គម្រោង​សម្រាប់​ជីវិត​នោះ​ឡើយ ​​​​​​

វា​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដែល​បុគ្គល​មួយ​ចំនួន​បាន​ជោគជ័យ​ស្រប​តាម​​គោលដៅ​របស់​ខ្លួន ព្រោះ​ថា​​បុគ្គល​ប្រភេទ​នេះ​មិន​ងាយ​នឹង​ងាក​ចេញ​​ពី​ផែនទី​ជីវិត​​របស់​ខ្លួន​ដែល​បាន​គូសវាស​យ៉ាង​ល្អិតល្អន់​នោះ​ឡើយ។ បុគ្គល​ជោគជ័យ​ដឹង​ថា ការ​គូសវាស​ផែនទី ឬ គម្រោង​ជា​មុន​សម្រាប់​ខ្លួន​ឯង​ដែល​ត្រូវ​ធ្វើ នោះ​ហើយ​គឺ​ជា​វិថី​ឆ្ពោះ​ទៅ​រក​ជីវិត​ដ៏​ភ្លឺស្វាង​បាន។ តែ​គួរឲ្យ​ស្តាយ​​បុគ្គល​មួយ​ចំនួន​បាន​បរាជ័យ ឬ មិន​បាន​​ទៅ​ដល់​គោលដៅ​របស់​ខ្លួន​សុខចិត្ត​​បណ្តែតបណ្តោយ​ឲ្យ​ជីវិត​រសាត់អណ្ដែត​គ្មាន​កោះ​ត្រើយ ហើយ​​ទីបំផុត​​ខ្សែជីវិត​របស់​ខ្លួន​ប្រៀប​ដូច​ជា​បញ្ញើក្អែក។​

៦) បុគ្គល​ជោគជ័យ​​មាន​សុទិដ្ឋិនិយម​ជានិច្ច តែ​បុគ្គល​បរាជ័យ​មាន​ទុទ្ទិដ្ឋិនិយម​ចំពោះ​ខ្លួនឯង​ និង អ្នក​ដទៃ

ពិត​ជា​មាន​រឿងរ៉ាវ​មិន​ចេះ​អស់​មែន​ចំពោះ​បុគ្គល​បរាជ័យ ព្រោះ​ថា​ក្នុង​​បេះដូង​របស់​​ពួកគេ ហាក់​មើល​ឃើញ​​ខ្លួនឯង ឬ អ្នកដទៃ​ក្នុង​ផ្លូវ​អវិជ្ជមាន​ជានិច្ច។​ បើ​ដូច្នេះ​មាន​ តើ​នៅ​​ពេល​ណា​ទើប​ខ្លួន​ឯង​អាច​​ចាកចេញ​ពី​ការ​បរាជ័យ​បាន​ទៅ? ពិត​មែន​ហើយ​សម្រាប់​បុគ្គល​ជោគជ័យ​បាន​យល់​យ៉ាង​ច្បាស់​ថា ការ​គិត​​ក្នុង​ផ្លូវ​​វិជ្ជមាន​ចំពោះ​ខ្លួនឯង​និង មនុស្ស​នៅ​ជុំវិញ​ខ្លួន​​នឹង​ធ្វើ​ឲ្យ​​អ្វីៗ​នៅ​លើ​ពិភពលោក​នេះ​ អាច​ឆ្ពោះ​ទៅ​រក​ភាព​វិជ្ជមាន​បាន​ដូចគ្នា​ដែរ។ ផ្ទុយ​ទៅវិញ​គំនិត​ទុទ្ទិដ្ឋិនិយម​ គឺ​ជា​អ្វី​ដែល​បុគ្គល​ប្រភេទ​នេះ​មិន​យក​ចិត្ត​ទុកដាក់​ ព្រោះ​វា​នាំ​តែ​ខាតបង់​ពេលវេលា​ឥតប្រយោជន៍ និង ធ្វើ​ឲ្យ​​ខ្លួន​មាន​អារម្មណ៍​ថា ​មិនមែន​តម្លៃ​សម្រាប់​មនុស្ស​គ្រប់គ្នា​ទៀត​ផង។ ​​​

៧) ​បុគ្គល​​ជោគជ័យ​បន្ត​ការ​រៀនសូត្រ​ដោយ​ឥត​ឈប់ឈរ តែ​បុគ្គល​បរាជ័យ​បន្ត​បោះបង់​ឥត​ឈប់ឈរ

​​បុគ្គល​ជោគជ័យ​បាន​យល់ថា ចង់​ឲ្យ​ជោគជ័យ​​វា​ជា​រឿង​មួយ​លំបាក​​ទៅ​ហើយ តែ​រឿង​ដែល​លំបាក​ជាង​នេះ​ទៅទៀត​នោះ​​គឺ​ថា តើ​ត្រូវ​រក្សា​ភាព​ជោគជ័យ​បាន​ដោយ​របៀបណា? នេះ​ហើយ​ជា​សំនួរ​មួយ​ដែល​​បុគ្គល​ជោគជ័យ​ត្រូវ​ស្វែង​រក​ចម្លើយ​មួយ​យ៉ាង​ពិត​ប្រាកដ។ ផ្លូវ​មួយ​ដែល​ជា​​គន្លឹះ​ដល់​ល្អ​នៅ​ពេល​នេះ​គឺ​ការ​បន្ត​ការ​រៀនសូត្រ​ដោយ​ឥត​ឈប់ឈរ​ទោះ​បី​ជា​ដល់​​វិនាទី​ចុងក្រោយ​ក៏ដោយ ត្បិតអី​ខ្លួន​យល់​ថា នេះ​នឹង​ជា​ឱកាស​នាំ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ខ្លួនឯង​កាន់តែ​ប្រសើរ​ឡើង ដែល​ផ្ទុយ​ពី​មនុស្ស​ជោគជ័យ​ចូលចិត្ត​​កំណត់​ចំណេះដឹង​របស់​ខ្លួន​ដោយ​ការ​បោះបង់ និង យកលេស​មិនចេះ​ចប់​មិន​ចេះ​ហើយ​​​។​​​

៨) បុគ្គល​ជោគជ័យ​សរសើរ​អ្នក​ដទៃ តែ​បុគ្គល​បរាជ័យ​រិះគន់​អ្នក​ដទៃ

ក្នុង​ទីផ្សារ​អាជីវកម្ម​ក្តី ការ​ទំនាក់ទំនង​ប្រចាំ​ថ្ងៃ​ក្តី ការ​​លើក​ដំកើង ឬ កោតសរសើរ​អ្នកដទៃ​ពី​សមិទ្ធផល​របស់​ពួកគេ គឺ​ជា​អាវុធ​ដ៏​មាន​ថាមពល​មួយ​​របស់​បុគ្គល​ជោគជ័យ។ វា​ជា​អាវុធ​ត្រជាក់​សណ្ដំ​ចិត្ត​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​ស្រលាញ់ និង​រាប់អាន​ ព្រមទាំង​ធ្វើ​ឲ្យ​​សម្ព័ន្ធភាព​​ទំនាក់ទំនង​កាន់តែ​ប្រសើរ​ឡើង​គ្មាន​ដែន​កំណត់។ ទោះបី​ជា​យ៉ាងណា​ក៏ដោយ ងាក​មក​មើល​បុគ្គល​បរាជ័យ​វ័យ ទោះបី​ជា​អ្នកណា​ម្នាក់​​ជោគជ័យ ឬ បង្ហាញ​សមិទ្ធផល​យ៉ាង​អស្ចារ្យ​យ៉ាងណា​ក៏ដោយ ក៏​ខ្លួន​​គ្មាន​អ្វី​ក្រៅតែ​ពី​ការ​រិះគន់​ពីនេះពីនោះ​​ហើយ​​​បើ​​បុគ្គល​ណា​ម្នាក់​បរាជ័យ ឬ មាន​កំហុស​អ្វី​នោះ​គឺ​ច្បាស់​ជា​ជាន់ពន្លិច​បន្ថែម​ជា​មិនខាន។​​​​​​

៩) បុគ្គល​ជោគជ័យ​លើកលែងទោស​ឲ្យ​អ្នកដទៃ បុគ្គល​បរាជ័យ​​ចង​គំនុំ​នឹង​​អ្នកដទៃ

​វា​មិន​ខុស​អ្វី​ពី​​ពុទ្ធិការ​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា”កាំ​រម្ងាប់​ដោយ​ការ​មិន​ចងពៀរ​” នោះ​ឡើយ​ ដែល​បុគ្គល​ជោគជ័យ​យល់​ឃើញ​ថា នឹង​អាច​រំដោះ​ខ្លួន​ឲ្យ​ជៀស​ផុត​ពី​ទុក្ខទោស​ និង គំនុំគំកួន​​ទៅវិញ​ទៅ​មក​។ ការ​លើកលែងទោស​របស់​ពួកគេ​ទៅ​កាន់​​អ្នកណា​ម្នាក់ នឹង​បញ្ចប់​​កំហុស​មួយ​ដោយ​សន្តិភាព ហើយ​ជា​ផ្លូវ​ដ៏​ប្រសើរ​ធ្វើ​ឲ្យ​ស្ថានការណ៍​ដ៏​អាប់អួរ​បែរមក​រក​ភាព​ស្រស់ថ្លា​ឡើង​វិញ។ និយាយ​ពី​បុគ្គល​បរាជ័យ​វិញ ការ​សងសឹក​មិន​ព្រម​លើកលែងទោស​ដល់​​អ្នកដទៃ​​នោះ​ហើយ​ជា​វិធីសាស្ត្រ​ជួសជុល​​ផ្លូវ​អារម្មណ៍​របស់​ខ្លួន​ឡើង​វិញ​ តែ​​ទី​បំផុត​មាន​តែ​ភាព​ក្តៅក្រហាយ​ និង ការ​ស្អប់ខ្ពើម​តែប៉ុណ្ណោះ។​​​

១០) បុគ្គល​ជោគជ័យ​អរគុណ​​អ្វីៗ​គ្រប់យ៉ាង​ដែល​​ខ្លួន​មាន​ តែ​បុគ្គល​បរាជ័យ​ចាត់ទុក​ថា​អ្វីៗ​​គឺ​អយុត្តិធម៌​ទាំងអស់

ភាព​ទុក្ខសោក ការ​ខកចិត្ត ភាព​សប្បាយរីករាយ ភាព​ជោគជ័យ សមិទ្ធផល​ ទាំង​បទពិសោធន៍​​ល្អ​ក្តី អវិជ្ជមាន​ក្តី គឺ​ជា​អ្វី​​ដែល​បុគ្គល​ជោគជ័យ​អរគុណ​គ្រប់​ពេល​វេលា ត្បិតអី​ចំណុច​ទាំងអស់​នេះ​គឺ​​ជា​មេរៀន​ជីវិត​ដ៏​ថ្លៃថ្លា​របស់​​ពូកគ។ បុគ្គល​ប្រភេទ​នេះ​យល់​ថា ជីវិត​មួយ​នឹង​​គ្មាន​តម្លៃ​បើ​គ្មាន​ឧបសគ្គ ព្រោះ​​ថា ឧបសគ្គ​ និង បទពិសោធន៍​ទាំងឡាយ​សុទ្ធតែ​បាន​ធ្វើ​ឲ្យ​ពួកគេ​រឹងមាំ​មក​ដល់​សព្វថ្ងៃ​នេះ។ មហាសេដ្ឋី អ្នក​ជំនួញ បុគ្គល​ជោគជ័យ​នៅ​លើ​លោក​សុទ្ធតែ​ឆ្លងកាត់​ឧបសគ្គ​រាប់​មិន​អស់ តែ​ពួកគេ​នៅ​តែ​អរគុណ​ជានិច្ច។​ចុះ​បុគ្គល​បរាជ័យ​វិញ​យ៉ាង​ម៉េច​ដែរ? និយាយ​ឲ្យ​ខ្លី បុគ្គល​មួយ​ចំនួន​បរាជ័យ​ដោយសារ​មិន​រៀន​សូត្រ​ពី​បទពិសោធន៍​ទាំង​នេះ និង ខ្វះ​ការ​តស៊ូ ហើយ​កាន់តែ​គ្រោះថ្នាក់​ទៀត​នោះ គឺ​ការ​មើលឃើញ​ជា​អវិជ្ជមាន​លើ​អ្វីៗ​ជុំវិញ​ខ្លួន ដែល​ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​មិន​ស្គាល់​រស់​ជាតិ​ជីវិត​ដ៏​មាន​តម្លៃ​បាន៕

ប្រភព៖ www.thebnews.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons