គន្លឹះ​ទាំង ៩ ដើម្បី​បើក​អាជីវកម្ម​ឲ្យ​ជោគជ័យ​ពី​លោក Michael Dell ម្ចាស់​ក្រុមហ៊ុន Dell Inc

004

លោក Michael Dell គឺ​ជា​មហាសេដ្ឋី​ពាណិជ្ជកម្ម​មួយ​រូប​សញ្ជាតិ​អាមេរិក លោក​គឺ​ជា​ស្ថាបនិក​ក្រុមហ៊ុន​ និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Dell Inc។ ខាង​ក្រោម​នេះ​ជា​គោលការណ៍​ទាំង ៩ របស់​លោក​ដើម្បី​បង្កើត​ភាព​ជោគជ័យ​ឲ្យ​ខ្លួន​ឯង។

១) ត្រូវ​យល់​ពី​ចំណុច​មួយ​ណា​របស់​ខ្លួន​ ដែល​ជះ​ឥទ្ធិពល​ក្នុង​ក្រុមហ៊ុន និង ដល់​មហាជន​គ្រប់​រូប ៖ បើ​តាម​លោក Michael Dell អាជីវកម្ម​របស់​អ្នក​មិន​មែន​សម្រាប់​តម្រូវ​តែ​មនុស្ស​ម្នាក់​ ឬ មួយ​ក្រោម​តូច​នោះ​ឡើយ គឺ​សម្រាប់​មនុស្ស​ទូទៅ​ក្នុង​លោក ដូច្នេះ​អ្នក​ត្រូវ​ចេះ​ស្វែង​រក​នូវ​ចំណុច​ពិសេស​ណា​មួយ​របស់​ខ្លួន​ដែល​ជះ​ឥទ្ធិពល​ ទៅ​លើ​គំនិត​របស់​ពួក​គេ​ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍​ងាក​មក​រក​ផលិតផល ឬ សេវាកម្ម របស់​អ្នក​។

២) ស្វែង​រក​ការ​ធ្វើ​ពិសោធន៍ ៖ លោក Michael Dell ថ្លែង​ថា​កំហុស​ដ៏​ធំ​នៃ​ក្រុមហ៊ុន​និមួយៗ​ពេល​ចាប់​បើក​ដំបូង​គឺ​ការ​ចង់​ផលិត​អ្វី​មួយ​ប្រកប​ដោយ​ភាព​ឥត​ខ្ចោះ​ ដោយ​គ្មាន​ការ​ពិសោធន៍​សាកល្បង​ប៉ុន្តែ​ចំពោះ​លោក​វិញ​ លោក​ថា​លោក​បាន​ធ្វើ​រឿង​ជា​ច្រើន​ដើម្បី​ដក​ពិសោធន៍​ថា​អ្វី​មួយ​ដំណើរ​ការ​និង អ្វី​មួយ​មិន​ដំណើរ​ការ ហើយ​អ្វី​មួយ​ដែល​ត្រូវ​ចិត្ត​មនុស្ស​និង​អ្វី​មួយ​ដែល​មិន​ត្រូវ​តាម​ចិត្ត​មនុស្ស។

៣) បង្កើត​វប្បធម៌​ក្នុង​កន្លែង​ធ្វើ​ការងារ ៖ ក្រុមហ៊ុន អាជីវកម្ម និមួយៗ​សុទ្ធ​តែ​មាន​គោលការណ៍​ចែង​រៀងៗ​ខ្លួន​ក្នុង​អង្គភាព​របស់​ខ្លួន ដូច្នេះ​អ្នក​គួរ​ចេះ​បង្កើត​វប្បធម៌​ក្នុង​កន្លែង​ធ្វើ​ការងារ​ដែល​អាច​ឲ្យ​បុគ្គលិក​ទាំង​អស់​អាច​សហការ​គ្នា និង ជួយ​ដោះ​ស្រាយ​បញ្ហា​គ្នា​ទៅ​វិញ​ទៅ​មក។

៤) ពេល​វេលា​ដែល​លំបាក​បង្ហាញ​ពី​ឱកាស​ថ្មី​ឲ្យ​មនុស្ស ៖ លោក Michael Dell ថា​នៅ​ពេល​ដែល​មនុស្ស​ជួប​ពេលវេលា​មួយ​ដែល​លំបាក​ពួក​គេ​ភាគ​ច្រើន​គឺ​មិន​អាច​ធ្វើ​អ្វី​ទាំង​អស់​ហើយ​មាន​ពេល​ខ្លះ​ធ្វើ​ឲ្យ​ពួក​គេ​ដើរ​ថយ​ក្រោយ​ទៀត​ផង​ ដែល​នេះ​លោក​យល់​ឃើញ​ថា​ជា​កំហុស​មួយ​ដ៏​ធំ។ លោក Michael Dell ជឿ​ថា​ពេលវេលា​លំបាក​គឺ​ជា​ឱកាស​ហុច​ឲ្យ​មនុស្ស​ដើរ​ទៅ​រក​ភាព​ជោគជ័យ ព្រោះ​ការ​ជោគជ័យ​មួយ​ដ៏​ត្រចះត្រចង់​មិន​មែន​អ្នក​ណាៗ​សុទ្ធ​តែ​ងាយ​ធ្វើ​បាន​នោះ​ឡើយ។

៥) មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ពិសោធន៍ ៖ លោក Michael Dell ថា​បើ​ចង់​ជោគជ័យ​ត្រូវ​ហ៊ាន​ធ្វើ​ការ​ដក​ពិសោធន៍​ និង ហ៊ាន​ទទួល​ស្គាល់​បរាជ័យ ព្រោះ​បរាជ័យ​ជា​វិធី​មួយ​ដែល​អ្នក​រក​ឃើញ​អ្វី​មួយ​មិន​ដំណើរ​ការ​ ក្នុង​មធ្យោបាយ​មួយ។

៦) ត្រូវ​ហ៊ាន​ទទួល​យក​ហានិភ័យ ៖ ដូច​ធ្លាប់​និយាយ​ហើយ​ថា​គ្មាន​ការ​ប្រថុយ គឺ​គ្មាន​ការ​ផ្លាស់​ប្តូរ​នោះ​ឡើយ អ្វី​មួយ​មិន​អាច​កើត​ឡើង​ចេញ​ជា​រូបរាង​បាន​ទេ ដោយ​គ្រាន់​តែ​អង្គុយ​គិត មាន​តែ​សកម្មភាព​ធ្វើ​ទេ ទើប​អាច​បង្កើត​អ្វី​មួយ​ចេញ​ជា​រូប​រាង​បាន។

៧) អភិវឌ្ឍ​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម ៖ លោក Michael Dell និយាយ​ថា​ការ​អភិវឌ្ឍ​ភាព​ជា​ដៃ​គូ​ពាណិជ្ជកម្ម អាច​ជួយ​ឲ្យ​ក្រុមហ៊ុន លូត​ទៅ​មុខ​ឆាប់​រហ័ស បង្កើត​អតិថិជន​ថ្មី ពី​គ្រប់​កន្លែង និង​ធ្វើ​ឲ្យ​ផលិតផល​ឬ សេវាកម្ម​ខ្លួន​រីក​សាយ​ទៅ​ជុំវិញ​ពិភពលោក។

៨) ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់ ៖ គ្មាន​នរណា​ម្នាក់​អាច​ប្រាប់​អ្នក​បាន​ថា​អ្នក​ស្រលាញ់​អ្វី​ចូល​ចិត្ត​អ្វី ក្រៅ​ពី​ខ្លួន​ឯង​បាន​ឡើយ នៅ​ពេល​ដែល​អ្នក​ដឹង​ថា​ខ្លួន​ស្រលាញ់​វិស័យ​ណា​មួយ​ហើយ​ត្រូវ​ដាក់​ចិត្ត​ឲ្យ​បាន​ខ្លាំង​តាម​អាច​ធ្វើ​ទៅ​បាន​ដើម្បី​សម្រេច​គោលដៅ​របស់​អ្នក។

៩) ភាព​បរាជ័យ​គឺ​ជា​ជំហាន​នាំ​ទៅ​រក​ជោគជ័យ ៖ គ្រប់​ភាព​បរាជ័យ​ទាំង​អស់ មិន​មែន​ជា​រនាំង​ បង្អាក់​ដំណើរ​មនុស្ស​មិន​ឲ្យ​ទៅ​រក​ភាព​ជោគជ័យ​នោះ​ឡើយ រាល់​ភាព​បរាជ័យ​គឺ​សុទ្ធ​តែ​ជា​មេរៀន​ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​វា​ដើម្បី​ដើរ​ទៅ​រក​ភាព​ជោគជ័យ បរាជ័យ​កាន់​តែ​ច្រើន​អ្នក​អាច​រក​ឃើញ​វិធី​កាន់​តែ​ច្រើន​ដើម្បី​ទៅ​រក​ភាព​ជោគជ័យ។

ប្រភព៖ www.thebnews.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons