ក្រសួងមហាផ្ទៃ​ សម្រេច​ឲ្យ​អ្នកបើកបរ​ម៉ូតូ ​គ្មាន​ប័ណ្ណបើកបរ​ត្រូវ​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​ភ្ជាប់​ខ្លួន

ext

ភ្នំពេញ ៖ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​បានសម្រេច​ឲ្យ​អ្នកបើកបរ​ទោចក្រយាន​ប្រភេទ ​ក​១​ មាន​កម្លាំង​១២៥​សេសេ​ចុះ​ ដែល​​រាជ​រ​ដ្ឋា​ភិ​បាល​ លើកលែង​​មិន​បាច់​មាន​ប័ណ្ណ​បើកបរ​នោះ ​ មកដល់ពេលនេះ ក្រសួងមហាផ្ទៃ ​បានសម្រេច​ឲ្យ​អ្នកបើកបរ​ទាំងនោះ ​ត្រូវ​មាន​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ ខ្មែរ​ នៅពេល​ធ្វើដំណើរ​នៅ​តាម​ដងផ្លូវ​។

នៅ​ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ ​និង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែ​មករា ឆ្នាំ​២០១៦ ​ នា​ល្ងាច​ថ្ងៃទី​១​ ខែកុម្ភៈ ​នៅ​ទីស្តីការក្រសួង​ សម្តេច​ក្រឡាហោម​ ឧបនាយករដ្ឋមន្ត្រី ស ខេង ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ​ការ​តម្រូវ​អ្នកបើកបរ ​ត្រូវ​មាន​អត្តសញ្ញាណ​ប័ណ្ណ​ភ្ជាប់​ជាមួយ​ពេល​ធ្វើ​ដំណើរ​ចំពោះ​អ្នកបើកបរ​គ្មាន​ប័ណ្ណ​បើកបរ​នោះ​ធ្វើឡើង​ ក្នុង​គោលបំណង​ផ្តល់​ភាព​ងាយស្រួល​ដល់​គ្រប់គ្រង​សន្តិសុខ ​សណ្តាប់ធ្នាប់ ​និង​ងាយ​កំណត់​បាន​នូវ​អត្តសញ្ញាណ​នៃ​អ្នក​បើកបរ​ឲ្យ​បាន​ច្បាស់ ​នៅ​ពេល​អ្នកបើកបរ​នោះ​មាន​គ្រោះថ្នាក់ ឬ​មាន​បញ្ហា​ចរាចរណ៍​ផ្សេងៗ​នៅ​តាម​ដងផ្លូវ ។

តាម​ការ​បញ្ជាក់​ពី​ឯកឧត្តម​ តូច ច័ន្ទ​កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន លើក​ឡើងថា ​តាមច្បាប់​ចរាចរណ៍​ថ្មី​ដែល​មាន​មាត្រា​មួយ​ចំនួន​ត្រូវបានធ្វើ​ការកែប្រែ​ឡើងវិញ​នោះ ក្នុង​នោះ​សម្រាប់​អ្នកបើកបរ​ទោចក្រយាន​មាន​ស៊ីឡាំង​ក្រោម​១២៥​សេ​សេ​ចុះ ​ គឺ​អនុញ្ញាត​ឲ្យ​បើក​បរ​បាន​ចាប់ពី​អាយុ​១៥​ឆ្នាំ​ ឡើងទៅ​ និង​មាន​អត្តសញ្ញាណ​ប័ណ្ណ ។ ដោយឡែក រ៉ឺម៉ក់​ម៉ូតូ​កង់​បី​ ដែល​ប្រើប្រាស់​ម៉ូតូ​លើ​ក្រោម​១២៥​សេស​ត្រូវ​នឹង​អាច​តម្រូវ​មាន​ប័ណ្ណបើកបរ​ជា​ធម្មតា​។

គួរ​បញ្ជាក់ ​របាយការណ៍​អានដោយ​​ឧ​ត្ត​ម​សេនីយ​ឯក ហ៊ឹម យាន អគ្គ​ស្នងការរង​នគរបាលជាតិ បញ្ជាក់ថា​ មួយខែ​ដើមឆ្នាំ​២០១៦​នេះ​ ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​១៨២​នាក់ កើន​ឡើង​៣៤​នាក់ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ក្នុង​ខែ​មុននេះ​។​ ដោយឡែក​ចំនួន​អ្នករបួស​វិញ​នៅ​ក្នុង​ខែមករា​នេះ ​គឺ​បាន​កើតមាន​ចំនួន​៩៥១​នាក់​កើន​ឡើង​៧០​នាក់​។ មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បាន​កើតឡើង​ដោយសារ​ល្បឿន​មាន​៤៥% វ៉ា​ជែង​គ្នា​១៣% ​មិន​គោរព​សិទ្ធ​អាទិភាព ១១% គ្រោះថ្នាក់​ដោយសារ​ស្រវឹង​មាន​១០% បត់​ខុស​៨% មិន​ប្រកាន់​ស្តាំ​៨% ​ក្រៅពីនេះ​គ្រោះថ្នាក់​ដោយសារ​យានយន្ត និង​កត្តា​ផ្សេងៗ​ទៀត​។

ក្នុង​រយៈពេល​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​នៅក្នុង​ខែមករា​កន្លងមកនេះ ​គឺ​សមត្ថកិច្ច​នគរបាល​មិនទាន់​បាន​អនុវត្ត​ច្បាប់​ពេញលេញ​នោះទេ​ ហើយ​មានការ​បន្ធូរបន្ថយ​ ពោល គឺ​គ្រប់​អ្នក​ដែល​បើកបរ​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់ ​សមត្ថកិច្ច​បាន​ត្រឹមតែ​ឃាត់​ហៅ​គាត់​មក​អប់រំ​ណែនាំ​ឲ្យ​គាត់​អនុវត្ត​ច្បាប់ និង​ដឹង​ពី​កំហុស​ ដោយឡែក​បញ្ហា​កំហុស ឆ្គង​ផ្នែក​ប័ណ្ណ​បើកបរ ស្លាក​លេខ​យានយន្ត ឆៀក​ និង​ការផ្ទេរ​កម្ម​សិទ្ធ​យានយន្ត ​ក៏​នៅ​មិនទាន់​បាន​ប្រកាស​អនុវត្តបាន​ពេញលេញ ​ហើយ​បញ្ហា​នេះ​ចាប់ពី​ក្រោយ​ថ្ងៃទី​១៥​ ខែ​មិនា​ឆ្នាំ​២០១៦​តទៅ នឹង​ត្រូវបាន​អនុវត្ត​ជា​ផ្លូវការ​៕

ប្រភព៖ www.bayontv.com.kh

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons