មួយ​ខែៗ​មិន​សូវ​សល់​លុយ​សម្រាប់​សន្សំ​​ទុក​មែនទេ? ​​​គន្លឹះ​ទាំង​នេះ​អាច​ជួយ​លោក​​អ្នក​បាន!

Chinese-New-Year-2013-Background-Design

ប្រិយមិត្ត​ពិត​ជា​​មិន​អាច​សន្សំ​ប្រាក់​​ទុក​សម្រាប់​ខ្លួនឯង​​មែនទេ? តើ​​លោកអ្នក​មាន​ធ្លាប់​សួរ​ខ្លួនឯង​ថា មូលហេតុ​អ្វី​បាន​ជា​លោកអ្នក​មិន​អាច​សន្សំ​ប្រាក់​បាន​ច្រើន​? នេះ​ជា​អ្វី​​ដែល​លោក​អ្នក​ត្រូវ​​ជីកឫសគល់​​​រក​ឲ្យ​ឃើញ​ពី​មូលហេតុ​នៅ​ពី​ក្រោយ​បញ្ហា​ទាំង​នេះ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ការ​សន្សំ​ប្រាក់​របស់​អ្នក​​​អាច​ចេញ​ជា​រូបរាង​ឡើង​។ ដូច្នេះ សូម​កុំអាល​អស់សង្ឃឹម​ ព្រោះ​ថា​គន្លឹះ​សំខាន់ៗ​​ទាំង​៥ ​ខាងក្រោម​ គឺ​ជា​​វិធីសាស្ត្រ​​ល្អ​ៗ​ជួយ​ត្រួសត្រាយ​ផ្លូវ​លោក​អ្នក​ឈាន​ឆ្ពោះ​ទៅ​រក​ការ​សន្សំ​ប្រាក់​បាន​ដោយ​ជោគជ័យ។​​​​ ​​​

១) ដោះ​បំណុល​ឲ្យ​រួច ​​

គ្រាន់តែ​ចំណាយ​​ពេល​គិត​​ទៅ​លើ​ការ​ចំណាយ​របស់​អ្នក​ជា​រៀងរាល់​ខែ​លើ​បំណុល​ដែល​មាន​ស្រាប់​ អ្នក​នឹង​ដឹង​ថា ការ​ដោះ​បំណុល​ឲ្យ​​កាន់តែ​រហ័ស​គឺ​កាន់តែ​​ធ្វើ​ឲ្យ​អ្នក​មាន​សេរីភាព​ហិរញ្ញវត្ថុ​អាច​សន្សំ​ប្រាក់​​​បាន​កាន់តែ​ច្រើន​។ ​​អ្នក​​មិន​ត្រូវ​​សន្សំប្រាក់​​មុន​ដោះ​បំណុល​របស់​អ្នក​ឲ្យ​រួច​នោះ​ឡើយ ព្រោះ​ថា​អត្រា​ការ​ប្រាក់​​លើ​ប្រាក់​បំណុល​មិន​ឆាប់​ថយ​ចុះ​ដែល​នេះ​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​របស់​អ្នក។ ប្រសិទ្ធភាព​មួយ​ដែល​ធ្វើ​​ឲ្យ​អ្នក​​គេច​ផុត​ពី​ប្រាក់​បំណុល​គឺ បង្កើត​ទឹកប្រាក់​បន្ទាន់ (Emergency Fund) ​​សម្រាប់​ចំណាយ​លើ​​ស្ថានភាព​ចាំបាច់​​ណា​មួយ។ ផ្ទុយ​ទៅ​វិញ ​បើ​​លោក​អ្នក​គ្មាន​​ប្រាក់​បន្ទាន់​​សម្រាប់​ត្រៀម​ទុក​នោះ​ទេ ត្រូវ​តែ​​ឆាប់​សន្សំ​វា​ឲ្យ​​​បាន​ភ្លាមៗ​ទៅ។

២) រៀបចំ​គម្រោង​​​ចំណាយ​ដើម្បី​សន្សំ​ប្រាក់

អ្នក​ត្រូវ​មាន​គម្រោង​​សន្សំ​​សម្រាប់​ការ​ចំណាយ​ក្នុង​​រយៈ​ពេល​ខ្លី​ និង​រយៈ​ពេល​វែង​។ ​​​អ្នក​ត្រូវ​​ដឹង​ថា តើ​អ្នក​ត្រូវ​ការ​ប្រាក់​ប៉ុន្មាន​ដើម្បី​ទិញ​សំលៀកបំពាក់ ដំណើរ​កម្សាន្ត ផ្ទះ រថយន្ត វិនិយោគ? ឬ តើ​លោក​អ្នក​ត្រូវ​ចំណាយ​ប្រាក់​​ធ្វើ​អ្វីខ្លះ​​​ក្នុង​រយៈ​ពេល​ ​៥ ឆ្នាំ ១០​​ឆ្នាំ ឬ ២០ ឆ្នាំ​ខាងមុខ? នៅ​ពេល​ដែល​អ្នក​​កំណត់​ពេល​វេលា​សម្រាប់​​គម្រោង​ចំណាយ​​នីមួយៗ​ទាំង​នោះ​ហើយ នោះ​លោក​អ្នក​នឹង​អាច​ចាត់ចែង​កំណត់​ថវិកា​សម្រាប់​សន្សំ​​​បាន​។

៣) រក្សា​ប្រាក់​សន្សំ​ជា​​ភាគរយ​​នៃ​ប្រាក់​ចំណូល​របស់​អ្នក

មិន​ថា​ប្រិយមិត្ត​សន្សំ​ប្រាក់​​ជា​ភាគរយ​នៃ​​ប្រាក់​ចំណូល​ប្រចាំខែ ឬ ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​នោះ​ទេ តែ​អ្វី​ដែល​សំខាន់​អ្នក​ត្រូវ​ដាច់​​ខាត​សន្សំ​ប្រាក់​ឲ្យ​បាន​​ចាប់​ពី​ថ្ងៃ​នេះ​តទៅ។ កូនសោ​ដ៏​សំខាន់​នៅ​ពេល​នេះ គឺ​លោក​អ្នក​ត្រូវ​កំណត់​ភាគរយ​នៃ​ប្រាក់​សន្សំ​ពី​ប្រាក់​ចំណូល​របស់​អ្នក​ក្នុង​ចំនួន​ជាក់លាក់​មួយ។ មនុស្ស​មួយ​ចំនួន​បាន​សន្សំ​ប្រាក់​ពី​៥​ទៅ​១០% នៃ​ប្រាក់​ចំណូល​ប្រចាំថ្ងៃ ឬ ប្រចាំ​ខែ​របស់​ខ្លួន។ ប៉ុន្តែ​បើ​តាម​ការ​អះអាង​របស់​អ្នក​ជំនាញ​បាន​ផ្តល់​ដំបូន្មាន​ថា ជា​ទូទៅ​ការ​សន្សំ​ប្រាក់​ចាប់ពី​១០% ​ឡើង​ទៅ​នៃ​ប្រាក់​ចំណូល​របស់​អ្នក គឺ​ជា​ចំនួន​មួយ​សមស្រប​បំផុត​​។

៤) កត់ត្រា​បញ្ជី​ចំណាយ​របស់​អ្នក​ជា​ប្រចាំ

សំណួរ​​មួយ​ចោទសួរ​​ដល់​ប្រិយមិត្ត​នៅ​ពេល​នេះ​​គឺ តើ​ប្រាក់​ចំណូល និង​ការ​​ចំណាយ​របស់​អ្នក​ខុសគ្នា​ដូចម្តេច​ខ្លះ? បើ​​លោក​អ្នក​ចំណាយ​ច្រើន​ជាង​ចំណូល នោះ​ជា​ផលវិបាក​មួយ​ហើយ។ ជា​ការ​ល្អ​ប្រសើរ​លើ​ប្រសិទ្ធភាព​គ្រប់គ្រង​ហិរញ្ញវត្ថុ អ្នក​ត្រូវ​​​​​កត់ត្រា​ និង ត្រួតពិនិត្យ​​បញ្ជី​ការ​​ចំណាយ​ប្រចាំ​ថ្ងៃ ឬ ប្រចាំ​ខែ​របស់​អ្នក​ឲ្យ​បាន​ច្បាស់លាស់​ជា​ប្រចាំ​​ដូច​ជា​ ថ្លៃ​ហូបចុក សំលៀក​បំពាក់ ការ​ប្រើប្រាស់​ទូរស័ព្ទ​ រថយន្ត បំណុល ការ​ជួបជុំ ឬ ដំណើរ​កម្សាន្ត​ជា​ដើម។ ការ​ធ្វើ​ដូច​នេះ ​ទើប​​ធ្វើ​ឲ្យ​លោកអ្នក​​មាន​​ប្រសិទ្ធភាព​គ្រប់គ្រង​​ការ​ចំណាយ​របស់​អ្នក​បាន។ ​

៥) កំណត់​ការ​ចំណាយ​របស់​អ្នក

បន្ទាប់​ពី​បាន​កត់ត្រា​បញ្ជី​ចំណាយ​រួចហើយ លោក​អ្នក​នឹង​ដឹង​ថា តើ​ទឹកប្រាក់​ប៉ុន្មាន​ដែល​អ្នក​បាន​ចំណាយ​​នៅ​ពេល​កន្លង​មក? ចំនួន​ទឹកប្រាក់​​​ដែល​បាន​ចំណាយ​​​ទាំង​នោះ​មាន​ច្រើន​ហួស​ពី​តម្រូវ​ការ​ជាក់​ស្តែង អាច​បញ្ជាក់​ថា អ្នក​កំពុង​​ខ្ជះខ្ជាយ​ហិរញ្ញវត្ថុ​របស់​ខ្លួន​។ នេះ​ជា​ដំណាក់​កាល​មួយ​ដ៏​លំបាក​សម្រាប់​អ្នក​ តែ​ជា​រឿង​មួយ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ដើម្បី​សន្សំ​ប្រាក់​ទុក។ ដំណោះស្រាយ​ដ៏​ល្អ​ អ្នក​ត្រូវ​ចំណាយ​អ្វី​ដែល​ចាំបាច់ និង ​ជា​អាទិភាព​​សិន ពោល​គឺ​ទិញ​សម្ភារៈ​អ្វី​ដែល​ចាំបាច់​ កុំ​ទិញ​​សម្ភារៈ​អ្វី​ដែល​ចង់​បាន។ នៅ​មាន​វិធីសាស្ត្រ​ល្អៗ​ជា​ច្រើន​ទៀត​ដែល​ប្រិយមិត្ត​អាច​រក​ឃើញ​ដោយ​ខ្លួនឯង​បាន តែ​គន្លឹះ​សំខាន់ៗ​ខាងលើ​នេះ​ពិត​ជា​រឿង​​ដែល​លោក​អ្នក​ត្រូវ​ធ្វើ​ជា​អាទិភាព ប្រសិន​បើ​ចង់​សន្សំ​ប្រាក់​ទុក​មែន​នោះ៕

ប្រភព៖ www.thebnews.com​

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons