១) ការទទួលយកហានិភ័យ គឺជាការទទួលយកមរតកនៃភាពជាសហគ្រិន
ប្រសិនបើអ្នកមិនបានត្រៀមខ្លួន ក្នុងការទទួលយកហានិភ័យ អ្នកក៏ប្រហែលជាមិនអាច ក្លាយជាសហគ្រិនមួយរូបក្នុងការធ្វើឲ្យអាជីវកម្មមួយដើរទៅមុខបានដែរ។ ភាពជាសហគ្រិន គឺបានផ្សាភ្ជាប់មកជាមួយការប្រឈមមុខនឹងហានិភ័យ ដែលអ្នកត្រូវការចំណាយហិរញ្ញវត្ថុផ្ទាល់ខ្លួនដើម្បីធ្វើឲ្យអាជីវកម្មដើរទៅមុខ អ្នកត្រូវលះបង់កេរ្តិ៍ឈ្មោះខ្លួនដើម្បីទៅធានារឿងអ្វីមួយ ដែលមនុស្សគ្រប់រូបយល់ថាមិនអាចកើតឡើងរួច អ្នកត្រូវតែហ៊ានខាតក្នុងរយៈពេល រាប់ខែ ទៅ ដល់ឆ្នាំ ក្នុងការធ្វើអាជីវកម្មដំបូង។ ដូច្នេះការហ៊ានទទួលយកនូវហានិភ័យ នឹងការត្រៀមខ្លួនជាមុន ចំពោះរឿងដែលអ្នកមើលមិនឃើញ ទើបធ្វើឲ្យអ្នកក្លាយជាមនុស្សមួយរូបក្នុង ពិភពនៃសហគ្រិន។
២) រាល់ហានិភ័យទាំងអស់មិនមែនសុទ្ធតែជាផ្លូវទៅរកជោគជ័យទាំងអស់នោះឡើយ
អ្នកដែលមានគំនិតសុទិដ្ឋិនិយម ក្នុងការទទួលយកហានិភ័យ តែងតែមើលឃើញចំនួន ៥០% នៃអត្រាភាពជោគជ័យរបស់ខ្លួនរួចទៅហើយ។ ប៉ុន្តែអ្នកមិនត្រូវ បោកបញ្ឆោតការគិតខ្លួនឯងថា រាល់ហានិភ័យទាំងអស់សុទ្ធតែល្អនោះទេ ឬ ឲ្យតែហ៊ានទទួលយកហានិភ័យ សុទ្ធតែទទួលជោគជ័យនោះដែរ។ ពេលខ្លះទោះបីជាអ្នកត្រៀមខ្លួនរួចជាស្រេចហើយក៏ដោយ អ្នកនៅតែអាចទទួលបរាជ័យ ដូច្នេះអ្នកគួរចេះរៀនសូត្រពីភាពបរាជ័យទាំងនោះដើម្បីយកឈ្នះនៅពេលបន្ទាប់ទៀត ពុំដូច្នោះទេរាល់ការប្រឈមនឹងហានិភ័យរបស់អ្នកសុទ្ធតែជារឿងខាងបង់។
៣) ហានិភ័យ មិនមែនកើតឡើងពីធម្មជាតិឡើយ គឺកើតឡើងពីចិត្តមនុស្ស
មានភាពលម្អៀងពីរ ក្នុងចិត្តមនុស្ស ដែលបង្កឲ្យមានហានិភ័យកាន់តែខ្ពស់ ទី១ គឺការបំផ្លើសចំពោះខ្លួនឯង ហួសពីការពិត នូវភាពបរាជ័យដែលនឹងអាចកើតមានមកលើខ្លួន។ ទី២ គឺការគឺការបណ្តុះគំនិត នៃភាពពិបាកក្រោយ ទទួលបរាជ័យ ដែលតែងប្រមើល មើល នូវករណីអាក្រក់ឲ្យខ្លួនឯង ដែលធ្វើឲ្យការពិត នូវអ្វីដែលអ្នកអាចដោះស្រាយ និង គ្រប់គ្រងបានកាន់តែឃ្លាតឆ្ងាយពីខ្លួនអ្នក។ ដូច្នេះនៅពេលដែលអ្នក រក្សានូវគំនិតបែបនេះក្នុងទស្សនៈរបស់អ្នក វាមានផ្សាភ្ជាប់ទៅនឹងភាពអវិជ្ជមាន ដែលនឹងកើតឡើងចំពោះអ្នក។
៤) ហានិភ័យគឺជាអ្នកបង្កើតភាពខុសប្លែក
ហានិភ័យមួយចំនួន ផ្តល់មកវិញ នូវគុណប្រយោជន៍ខ្ពស់ ហើយហានិភ័យមួយចំនួន ក៏ផ្តល់មកវិញនូវគុណវិបត្តិតិចតួចដែរ ហើយហានិភ័យ មួយចំនួន អាចធ្វើឲ្យអាជីវកម្មជោគជ័យ ហើយមួយចំនួនទៀតធ្វើឲ្យអាជីវកម្មបរាជ័យ។ ប៉ុន្តែ មានចំណុចតែមួយគត់ គឺជាធាតុដែលគ្រប់ហានិភ័យមានគឺ បង្កើតភាពខុសប្លែក ព្រោះមនុស្សភាគច្រើន គ្មានឆន្ទៈក្នុងការទទួលយកហានិភ័យ ហើយមនុស្សដែលមានឆន្ទៈទទួលយកហានិភ័យ បានធ្វើឲ្យពួកគេមានភាពខុសប្លែកពីហ្វូងមនុស្សដទៃ ដូចអ្នកបានឃើញស្រាប់ នូវសហគ្រិនមហាសេដ្ឋីល្បីមួយចំនួននៅលើពិភពលោក ដែលពួកគេទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ពីការដើរឆ្លងហានិភ័យរបស់ពួកគេ។
ប្រភព៖ www.thebnews.com