បើដុំអាចម៍ផ្កាយ2013 TX68 ទំហំ ១គីឡូម៉ែត្រដែលជឿថាហោះរយៈចម្ងាយ ១៨០០០គីឡូម៉ែត្រពីផែនដីថ្ងៃទី ៥ខែមិនា បែរជាធ្លាក់លើផែនដី នោះនឹងធ្វើឱ្យអាកាសធាតុលើផែនដីចុះត្រជាក់រយៈពេលរាប់ឆ្នាំដល់ទៅ ៨អង្សា។
បើតាមអ្នកវិទ្យាសាស្ត្របានអះអាងថា ការធ្លាក់សីតុណ្ហភាពលើផែនដីជុំវិញពិភពលោកមកត្រឹម ៨អង្សានេះគឺ ដោយសារកម្ទេចធូលីនិងផ្សែងខ្មៅអួអាប់កើតពីការផ្ទុះធ្លាក់អាចម៍ផ្កាយ ហើយផលប៉ះពាល់នេះនឹងអូសបន្លាយរយៈពេលច្រើនឆ្នាំ ទម្រាំតែធូលីនិងផ្សែងទាំងនោះធ្លាក់មកដល់ផែនដី។
លោក Charles Bardeen មន្ត្រីនៃមជ្ឈមណ្ឌលស្រាវជ្រាវផ្នែកបរិយាកាសអាមេរិក បាននិយាយកាលពីខែធ្នូឆ្នាំ ២០១៥ ថា៖ «នេះពុំមែនជាពេលវេលាល្អសម្រាប់យើងទាំងអស់គ្នាឡើយ»។
បើតាម Bardeen និងក្រុមស្រាវជ្រាវរបស់លោកថា ពេលធ្លាក់មកផែនដី ដុំអាចម៍ផ្កាយនេះនឹងបង្កដីក្រហូងទំហំ ១៥គីឡូម៉ែត្រ ហើយបន្សល់ទុកធូលីលើបរិយាកាសរយៈពេល ៦ឆ្នាំ និងផ្សែងខ្មៅអួអាប់ដល់ទៅ ១០ឆ្នាំ ដែលនេះនឹងកាត់បន្ថយកម្រិតពន្លឺព្រះអាទិត្យចាំងមកផែនដីប្រហែល ២០ភាគរយនៅពីរបីឆ្នាំដំបូងក្រោយការធ្លាក់។
លើសពីនេះផលប៉ះពាល់នៃដុំអាចម៍ផ្កាយ ថែមទាំងកាត់បន្ថយកម្រិតភ្លៀងធ្លាក់ដល់ទៅ ៥០ភាគរយឯណោះ ដែលអ្នកវិទ្យាសាស្ត្របារម្ភថានឹងបង្កឱ្យដីមានភាពរាំងស្ងួតខ្លាំង។
ទាក់ទិននឹងការស្រាវជ្រាវខាងលើ ខាង NASA បានឱ្យដឹងថាគ្មានឱកាសណាមួយដែលដុំអាចម៍ផ្កាយនេះអាចនឹងហោះបុកផែនដីឡើយនៅខែក្រោយ តែបើសិនករណីមួយក្នុងចំណោមរាប់រយលានករណីដែលអាចម៍ផ្កាយនេះបែរធ្លាក់បុកផែនដី នោះហេតុការណ៍នឹងកើតឡើងដូចការស្រាវជ្រាវប្រាកដមែន៕
ប្រភព៖ www.angkorposts.com