មន្ទីររៀបចំដែនដីរាជធានីយល់ព្រមលើសំណើសាងសង់អគារភ្លោះកម្ពស់ ១៣៣ជាន់

6ac53581d3afe9499f8b35933a961083

ភ្នំពេញ៖ មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ក្រុងភ្នំពេញបានសម្រេចអនុម័តយល់ព្រមលើគម្រោងសាងសង់អគារភ្លោះកម្ពស់ ១៣៣ជាន់ ឬស្មើនឹងជិត៥០០ម៉ែត្រដែលមានទីតាំងនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅតាមការស្នើសុំរបស់ក្រុមហ៊ុនរួមទុនវិនិយោគថៃ ប៊ុនរ៉ុង ខូអិលធីឌី ដែលតំណាងដោយលោក ឧកញ៉ា ខូវ សម្បត្តិ និងក្រុមហ៊ុន សាងសង់ខ្នាតយក្ស របស់ចិន ជាផ្លូវការហើយកាលពីពេលថ្មីៗនេះ។

អគារកម្ពស់ខ្ពស់កប់ពពក ដែលមានឈ្មោះថា «អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្មថៃប៊ុនរ៉ុង» ដែលគ្រោងសាងសង់នៅលើផ្ទៃដីជិត៥ហិកតាស្ថិតនៅត្រង់ចំណុចមជ្ឈមណ្ឌលកម្សាន្ត ឌ្រីម លែន ទល់មុខអគារណាហ្គាវើលត្រូវគេរំពឹងថា នឹងក្លាយជាអគារខ្ពស់ជាងគេបង្អស់នៅតំបន់អាស៊ី ក្រោយលេចចេញជារូបរាង្គនាពេលខាងមុខ។ លោក សេង ឡូត អ្នកនាំពាក្យក្រសួង ដែនដីនគរូបនីយកម្មនិងសំណង់បានមានប្រសាសន៍កាលពីម្សិលមិញថា គម្រោង សាងសង់អគារកម្ពស់ខ្ពស់ ១៣៣ជាន់ ត្រូវបានមន្ទីររៀបចំដែនដី នគរូបនីកម្ម និង សំណង់ឯកភាពយល់ព្រមលើសំណើ របស់ក្រុមហ៊ុននេះរួចហើយព្រមទាំងបាន បញ្ជូនបន្តទៅសាលារាជធានីភ្នំពេញរួច ហើយដែរ។

លោកបញ្ជាក់ថា តាមការសិក្សាវាយតម្លៃជំហានដំបូងពីក្រុមមន្ត្រីជំនាញគម្រោង វិនិយោគ ដ៏មហិមាមួយនេះ អាចនឹងត្រូវចំណាយទុនយ៉ាងហោចណាស់ជាង ១ ពាន់លានដុល្លារអាម៉េរិក។

លោកបន្ថែមថា វាគឺជាគម្រោងដ៏ធំមួយដែលបង្ហាញពីទំនុកចិត្តវិនិយោគិនមកលើវិស័យសំណង់ និងសេដ្ឋកិច្ចប្រទេសនៅ កម្ពុជាហើយវាក៏ជួយបង្កើនការទាក់ទាញវិនិយោគថ្មីៗទាំងក្នុង និងក្រៅប្រទេសមកក្នុងប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀតផងដែរនាពេលអនាគត។

បច្ចុប្បន្នសំណើស្នើសុំសាងសង់របស់ក្រុមហ៊ុនខាងលើនេះត្រូវបានបញ្ជូនទៅសាលារាជធានីភ្នំពេញហើយមុននឹងបញ្ជូនបន្តទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីចេញសេចក្តីសម្រេចអនុម័តផ្តល់សិទ្ធិសាងសង់។

លោក ទូស សាភឿន អគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជា និងជាព្រឹទ្ធបុរសមហាវិទ្យាល័យស្ថាបត្យកម្មនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាហើយក៏ជាស្ថាបត្យករមួយរូប ដែលបានចូលរួមក្នុងរចនាគំរូប្លង់អគារកម្ពស់ខ្ពស់កប់ពពកនេះ បានឲ្យដឹងថា គម្រោងសាងសង់អគារនេះ គឺត្រូវបានឆ្លងកាត់ការសិក្សា និងរចនាប្លង់ ពីស្ថាបត្យករខ្មែរ និងចិនល្បីៗជាច្រើននាក់ យ៉ាងល្អិតល្អិនបំផុត។

លោកបញ្ជាក់ថា តាមការគ្រោងទុក ក្រុមហ៊ុននឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១៦នេះដោយក្រុមហ៊ុនសំណង់ចិន ដែលមានបទពិសោធសាងសង់អគារខ្ពស់ៗជាច្រើននៅប្រទេសចិន និងមានការទុកចិត្តបំផុតពីរដ្ឋាភិបាលហើយវារំពឹងថានឹងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ ក្នុងរយៈពេលបីឆ្នាំក្រោយ៕

ប្រភព៖ www.thekhmerdaily.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons