ទំនុកចិត្តគឺជារឿងសំខាន់បំផុតសម្រាប់មនុស្ស មិនថា ក្មេង យុវជន ឬ មនុស្សចាស់ឡើយ។ ទំនុកចិត្តជាកត្តារួមផ្សំមួយដែលធ្វើឲ្យមនុស្សជោគជ័យ និង បរាជ័យ។ ហើយសត្រូវនៃទំនុកចិត្ត គឺការបំបាក់ទឹកចិត្ត និង ភាពភ័យខ្លាច។ ដូច្នេះក្នុងនាមអ្នកជាម្តាយឪពុកគ្រប់រូប គួរតែចេះបង្ហាត់បង្រៀនកូនខ្លួនឯង ឲ្យមានទំនុកចិត្តលើខ្លួនឯងពីពេលឥឡូវទៅ។ ខាងក្រោមជាគន្លឹះខ្លះដើម្បីធ្វើឲ្យក្មេងមានទំនុកចិត្តលើខ្លួនឯង។
១) អបអរសាទរនិងសប្បាយរីករាយចំពោះអ្វីដែលជាការខិតខំរបស់ពួកគេមិនថាឈ្នះ ឬ ចាញ់
នៅពេលអ្នកធំឡើង ការធ្វើដំណើរលើផ្លូវជីវិតគឺមានសារសំខាន់ ជាងទិសដៅរបស់អ្នកទៅទៀត។ ដូច្នេះនៅពេលដែលក្មេងៗ ធ្វើរឿងអ្វីមួយដែលជាកាតព្វកិច្ចកិច្ចរបស់ខ្លួន អ្នកគួរអបអរសាទរ និង សរសើររាល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ទោះបីជាជោគជ័យ ឬ បរាជ័យក៏ដោយ ព្រោះវាជួយធ្វើឲ្យពួកគេគ្មានអារម្មណ៍ខ្មាសអៀនពេលបរាជ័យ បន្ថែមពីលើនេះនៅពេលដែលអ្នកអនុវត្តបែបនេះយូរៗទៅ វាកាន់តែធ្វើឲ្យពួកគេប្រឹងប្រែងកាន់តែខ្លាំងទៀត និង ពេលក្រោយ ហើយនឹងធ្វើឲ្យពួកគេកាន់តែមានទំនុកចិត្តលើខ្លួនឯង។
២) លើកទឹកចិត្តឲ្យពួកគេធ្វើរឿងដែលពួកគេស្រលាញ់ចូលចិត្ត
អ្នកត្រូវចេះលើកទឹកចិត្តកូនរបស់ខ្លួន ធ្វើរឿងអ្វីក៏ដោយឲ្យតែពួកគេចូលចិត្ត ប៉ុន្តែត្រូវប្រាកដថារាល់ការលើកទឹកចិត្តរបស់អ្នក មិនមែនជាសកម្មភាព បែបដាក់សម្ពាធ។ ការអនុវត្តន៍គឺជាការវិនិយោគមួយឲ្យខ្លួនឯងក្នុងការបង្កើនទំនុកចិត្តក្នុងខ្លួន។
៣) បណ្តោយឲ្យពួកគេចេះរកបញ្ហាដោយខ្លួនឯងផ្ទាល់
ប្រសិនបើអ្នកជួយកូនរបស់ខ្លួន ធ្វើកិច្ចការលំបាកៗរបស់ពួកគេ នោះពួកគេនឹងមិនអាចអភិវឌ្ឍសមត្ថភាព ឬ បង្កើតទំនុកចិត្តឲ្យខ្លួនឯង ក្នុងការស្វែងរកនឹងដោះស្រាយបញ្ហាដោយខ្លួនពួកគេផ្ទាល់។ ដូច្នេះការជួយពីឪពុកម្តាយខ្លាំងពេកជាកត្តារារាំងមួយ ក្នុងការបង្កើតទំនុកចិត្តឲ្យកូនរបស់ខ្លួនឯង។
៤) លើកទឹកចិត្តធ្វើឲ្យពួកគេក្លាយជាមនុស្សចង់ចេះចង់ដឹង
មធ្យោបាយមួយដ៏ល្អដើម្បីជួយឲ្យក្មេងចង់ចេះចង់ដឹង គឺតាមរយៈវិធីសាស្ត្រសួរសំនួរ ដែលជាលំហាត់ខួរក្បាលមួយដ៏ល្អ ជួយធ្វើឲ្យក្មេងអភិវឌ្ឍ ព្រោះវាធ្វើឲ្យក្មេងចេះស្វែងរកនូវអ្វីដែលពួកគេមិនបានដឹង និង បរិស្ថានជាក់ស្តែងមួយចំនួនទៀតដែលពួកគេមិនបានឃើញ។
៥) ផ្តល់ឱកាសឲ្យពួកគេទទួលការប្រកួតជែងជាមួយខ្លួនឯង
អ្នកត្រូវចេះបង្ហាញដល់កូនរបស់ខ្លួននូវរឿងទាំងឡាយដែលពួកគេអាចធ្វើបាន ដោយពួកគេមិនធ្លាប់ដឹងពីមុន ជួយពួកគេមើលឃើញពីរឿងតូចៗដែលអាចសម្រេចបានមុនពេលឲ្យពួកមើលឃើញរឿងធំៗដែលពួកគេត្រូវធ្វើ។ ដូច្នេះអាចធ្វើឲ្យកូនខ្លួនឯងមានទំនុកចិត្ត តាមរយៈបង្កើនទំនួលខុសត្រូវឲ្យពួកគេលើរឿងដែលពួកគេអាចធ្វើបាន។
៦) មិនត្រូវរិះគន់នូវការសំដែងរបស់ពួកគេឡើយ
គ្មានអ្វីមកបំបាក់ទឹកចិត្តកូនរបស់អ្នក ច្រើនជាងការរិះគន់នូវអ្វីដែលពួកគេខិតខំប្រឹងប្រែងនោះឡើយ។ អ្នកគួរចេះផ្តល់ ការរិះគន់បែបវិជ្ជមាន ជាការស្នើសុំ ជំនួសឲ្យការស្តីបន្ទោស ឬ ការដាក់សម្ពាធបន្ថែម ហើយអ្នកមិនត្រូវប្រាប់ថា ពួកគេពិតជាអន់ក្នុងការធ្វើអ្វីមួយឡើយ អ្នកត្រូវដឹងដឹងថាប្រសិនបើក្មេង ភ័យខ្លាចចំពោះភាពបរាជ័យ ដោយសារខ្លាចនរណាម្នាក់ខឹង ឬ ខកចិត្តនោះពួកគេនឹងមិនព្យាយាមធ្វើអ្វីដែលថ្មីឡើយ។
ប្រភព៖ www.thebnews.com