លោក Alan Michael Sugar គឺជាសេដ្ឋីជំនាញ សញ្ជាតិអង់គ្លេសមួយរូប ដែលមានអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួន ហើយលោកក៏ជាអ្នកប្រឹក្សាយោបល់ អាជីវកម្ម និង នយោបាយល្បីល្បាញមួយរូបផងដែរនៅចក្រភពអង់គ្លេស។ ខាងក្រោមនេះគឺជាដំបូន្មានខ្លះៗដើម្បីធ្វើអាជីវកម្មមួយប្រកបដោយភាពជោគជ័យ។
១) វាសនារបស់អ្នក គឺស្ថិតនៅក្នុងកណ្តាប់ដៃអ្នក ៖ លោក Alan Michael Sugar រៀបរាប់ថាប្រសិនបើអ្នកចង់ជោគជ័យ អ្នកត្រូវចេះកំណត់ និង គ្រប់គ្រងវាសនារបស់ខ្លួន មិនមិនឲ្យព្រេងវាសនាមកកំណត់ជូនអ្នកឡើយ ព្រោះគ្មាននរណាម្នាក់ មកគិត ឬ ធ្វើអ្វីៗដើម្បីអ្នកឡើយមានតែអ្នកខ្លួនឯងប៉ុណ្ណោះដែលធ្វើអ្វីៗដើម្បីខ្លួនឯង និង ដើម្បីសង្គមទាំងមូល។
២) ហ៊ានទទួលស្គាល់ភាពបរាជ័យរបស់ខ្លួន ៖ លោក Alan Michael Sugar ថ្លែងថាអ្នកត្រូវតែធ្វើជាបុគ្គលពិតមួយរូប គឺមិនមែនដេកស្រមៃតែភាពជោគជ័យខ្លួនឡើយ ត្រូវហ៊ានប្រថុយ និង ហ៊ានទទួលយកភាពបរាជ័យ ព្រោះសហគ្រិនគ្រប់រូបមុននឹងពួកគេជោគជ័យ ពួកគេសុទ្ធតែជាមនុស្សដែលចេះរៀនសូត្រពីភាពបរាជ័យរបស់ខ្លួន។
៣) ត្រូវចេះឆក់យកឱកាស ៖ លោក Alan Michael Sugar និយាយថាគ្រប់បុគ្គលដែលរកស៊ីជោគជ័យទាំងអស់គឺជាមនុស្សដែលយល់ដឹងពីទីផ្សារច្រើន ស្រាវជ្រាវទីផ្សារច្រើន និងវិភាគពីទីផ្សារច្រើន ដែលជាហេតុធ្វើឲ្យពួកគេមើលឃើញឱកាស ក្នុងការពង្រីកអាជីវកម្មខ្លួនបានកាន់តែខ្លាំង ក្នុងទីផ្សារ។
៤) តាមឲ្យជាប់នូវអ្វីដែលអ្នកដឹង ៖ លោក Alan Michael Sugar ពន្យល់ថាលោកវិនិយោគទៅលើអ្វីដែលលោកយល់នឹងស្គាល់ប៉ុណ្ណោះព្រោះវាជួយធ្វើឲ្យការវិនិយោគរបស់លោកប្រកបដោយភាពឈ្លាសវៃ និង ដំណើរការបានល្អនូវអ្វីដែលលោកបានធ្វើ គឺវាប្រសើរជាងធ្វើរឿងដែលអ្នកមិនដឹងនិងមិនយល់។
៥) អបអរសាទរ និង ចូលរួមរីករាយជាមួយក្រុមការងារ ៖ ការប្រើលុយមួយមុខដើម្បីអបអរសាទរចំពោះក្រុមការងារ មិនទាន់គ្រប់គ្រាន់នោះឡើយ អ្នកត្រូវចេះកោតសរសើរចំពោះស្នាដៃដែលពួកគេសម្រេចបាន ផ្តល់កិត្តិយសចំពោះអ្វីដែលពួកគេគួរទទួលបាន នេះជាការលើកកម្លាំងចិត្តមួយឲ្យពួកគេមានឆន្ទៈក្នុងការធ្វើការងារចេញពីចិត្តចំពោះអ្នក។
៦) ត្រូវមានវិន័យល្អឲ្យខ្លួនឯង ៖ វិន័យល្អនាំមកនូវទម្លាប់ល្អ ទម្លាប់ល្អនាំឲ្យបែបបត់ជីវិតរបស់អ្នករស់នៅល្អដែរ សូម្បីតែក្នុងអាជីវកម្មក៏ដូចគ្នាត្រូវមានវិន័យល្អចំខ្លួនឯងគោរពពេលវេលាគោរពអ្នកដទៃ នឹងត្រូវធ្វើឲ្យបានរាល់អ្វីដែលអ្នកនិយាយ ឬ សន្យាជាមួយមនុស្សដទៃ។
៧) ត្រូវតាមដានឲ្យជាប់រាល់អ្វីដែលអ្នកកំពុងដំណើរការ ៖ អ្នកត្រូវតែចេះគ្រប់ស្ថានការណ៍ទាំងអស់ដែលកំពុងដំណើរការក្នុងអាជីវកម្មខ្លួន ព្រោះវាជួយធ្វើឲ្យអ្នកមើលឃើញនូវអ្វីដែលកំពុងដំណើរការបានល្អ និង អ្វីដែលដំណើរការមិនបានល្អ ដើម្បីជួយធ្វើឲ្យដំណើរប្រតិបត្តិការរបស់អ្នកកាន់តែប្រសើរ នេះបើតាមលោក Alan Michael Sugar។
៨) ត្រូវវិភាគពីស្ថានភាពទីផ្សារ ៖ លោក Alan Michael Sugar ពន្យល់ថាក្នុងនាមជាម្ចាស់អាជីវកម្មអ្នកមិនមែនគ្រាន់តែផលិតនូវផលិតផលមួយ ឬ សេវាកម្មមួយដែលមានគុណសម្បត្តិគ្រប់គ្រាន់អាចប្រកួតប្រជែងជាមួយដៃគូប៉ុណ្ណោះទេ អ្នកត្រូវតែចេះស្វែងយល់ពីទីផ្សាររបស់ខ្លួនផងដែរ តើមានអ្វីប្រែប្រួលខ្លះ ហើយបើប្រែប្រួលតើអ្នកគួរធ្វើដូចម្ដេចក្នុងស្ថានភាពជាក់ស្ដែង។
ប្រភព៖ www.thebnews.com