ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសចាត់ការចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាដែលមានទិសដៅបោកប្រាស់ និងជំរិតរឹបអូសយកផ្ទះសម្បែងដីធ្លីប្រជាពលរដ្ឋ។ ការប្រកាសចាត់វិធានការផ្លូវច្បាប់នេះ ត្រូវបានក្រុមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ សម្ដែងការសាទរ ខណៈក្រុមអ្នកផ្តល់កម្ចីគ្មានអាជ្ញាប័ណ្ណមានការកើនឡើង ហើយមានការប្រាក់ខ្ពស់ និងមានលក្ខណៈជាការកេងប្រវ័ញ្ច ដែលធ្វើឲ្យកូនបំណុលធ្លាក់ខ្លួនកាន់តែខ្លាំងក្នុងការជំពាក់បំណុល។
ការចេញបញ្ជាឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិ នៃកម្ពុជា ពិនិត្យឡើងវិញលើប្រតិបត្តិការរបស់មីក្រូហិរញ្ញវត្ថុមួយចំនួន ដែលមានទិសដៅបោកប្រាស់ និងជំរិតរឹបអូសយកផ្ទះសម្បែងដីធ្លីរបស់ប្រជាពលរដ្ឋនេះ ធ្វើឡើងនៅក្នុងពិធីបើកសន្និសីទជាតិ ស្ដីពីការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនដែលបានប្រែក្លាយខ្លួនពីអង្គការក្រៅរដ្ឋាភិបាល បានធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋតាមរយៈផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ខ្ពស់ ដោយមិនពិនិត្យពីលទ្ធភាពនៃការផ្តល់សំណង និងកម្ចីខ្លះទៀត មិនបានគាំទ្រជំរុញដល់ការបង្កើនផលិតភាពរបស់អ្នកខ្ចី៖ «អង្គការក្រៅរដ្ឋាភិបាល និងអ្នកធ្វើសកម្មភាពខុសច្បាប់មួយចំនួន មិនគួរត្រូវបានលើកលែងទេ។ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងធនាគារ ត្រូវមើលរឿងហ្នឹងឲ្យច្បាស់ នេះជាការបំផ្លាញពលរដ្ឋតាមរយៈយកប្រាក់កម្ចីធ្វើនុយ ដើម្បីយកផលប្រយោជន៍។ ដោយគោលដៅធំជាងគេ ធ្វើម៉េចឲ្យគ្រួសារហ្នឹងជំពាក់គ្មានលទ្ធភាពសង ហើយទៅរឹបអូសផ្ទះសម្បែង»។
ទន្ទឹមគ្នានេះ លោក ហ៊ុន សែន ក៏បានណែនាំមិនឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ចូលដៃចូលជើងជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅរឹបអូសផ្ទះសម្បែងប្រជាពលរដ្ឋផ្ដេសផ្ដាសនោះដែរ ព្រោះថា តួនាទីរបស់សមត្ថកិច្ច មិនមែនជាអ្នកទៅរឹបអូសផ្ទះប្រជាពលរដ្ឋនោះទេ។
ការចេញបញ្ជាឲ្យចាត់វិធានការផ្លូវច្បាប់ពីសំណាក់ប្រមុខរដ្ឋាភិបាលនេះ បន្ទាប់ពីមជ្ឈដ្ឋានទូទៅសង្កេតឃើញថា ចំនួនក្រុមផ្តល់កម្ចីគ្មានអាជ្ញាប័ណ្ណកើនឡើងកាលពីឆ្នាំ២០១៥ ហើយបានធ្វើឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្លូវការ បង្កើនការប្រុងប្រយ័ត្នក្នុងការបញ្ចេញកម្ចី។
នាយកផ្នែកពង្រីកអាជីវកម្មនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា (DELTA) ដែលបម្រើសេវាកម្មដូចជា កម្ចីទិញផ្ទះ កម្ចីសិក្សា កម្ចីសុខភាព និងកម្ចីពង្រីកអាជីវកម្ម កសិកម្ម និងឧស្សាហកម្ម គឺលោក ងួន សិទ្ធីគុណ សម្ដែងការគាំទ្រពេញទំហឹងចំពោះអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ថ្លែងក្នុងកម្មវិធីពិព័រណ៍ផលិតផលសេវាកម្មមីក្រូហិរញ្ញវត្ថុ និងសហគ្រាសខ្នាតតូច លោក ងួន សិទ្ធីគុណ បន្ថែមថា កន្លងមក ធនាគារជាតិ ក៏ដូចជាសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តែងតែរិះរកវិធីដោះស្រាយចំពោះក្រុមហ៊ុនដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ។ លោកបញ្ជាក់ថា គ្រឹះស្ថានរបស់លោក ផ្តល់កម្ចីប្រកបដោយវិជ្ជាជីវៈ និងមានការប្រុងប្រយ័ត្នតាំងពីដើមរៀងមក។ ដូច្នេះ ការអនុវត្តវិធានការរបស់ធនាគារជាតិ មិនប៉ះពាល់អ្វីនោះទេ៖ «គ្រឹះស្ថានដែលគ្មានអាជ្ញាប័ណ្ណនោះ កន្លងមកពិតជាមានផលប៉ះពាល់មែន អ៊ីចឹងហើយទើបធនាគារជាតិ តម្រូវឲ្យពួកគាត់យកអាជ្ញាប័ណ្ណ»។
ប្រធានបណ្តុះបណ្តាលសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ឡាំ រវៃ មានប្រសាសន៍ថា ការចេញបញ្ជារបស់ លោក ហ៊ុន សែន នេះ គឺជាការត្រឹមត្រូវ ព្រោះថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវមានតួនាទីជួយអភិវឌ្ឍ និងធ្វើយ៉ាងណាឲ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង តាមរយៈការផ្តល់ប្រាក់កម្ចី៖ «ប្រាក់កម្ចី គឺជាអាវុធមុខពីរ មានន័យថា បើគាត់យកឥណទានទៅប្រើប្រាស់តាមគោលដៅរបស់គាត់ត្រឹមត្រូវនោះ គឺជាការល្អ»។
លោកបញ្ជាក់ថា កាលពីឆ្នាំ២០១៥ ផលប័ត្រឥណទាន ឬប្រាក់កម្ចីមានចំនួនជាង ២ពាន់លានដុល្លារ ដែលបានផ្តល់ដល់អតិថិជនជាង ២លាននាក់ គឺមានការកើនឡើងច្រើនជាងឆ្នាំកន្លងទៅ។
រីឯអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី មានប្រសាសន៍ថា អត្រាការប្រាក់ក្នុងប្រទេសកម្ពុជា នៅខ្ពស់ជាងប្រទេសដទៃ។ លោកគិតថា រដ្ឋាភិបាលគួរតែធ្វើយ៉ាងណាបញ្ចុះអត្រាការប្រាក់ឲ្យទាបបន្តិច ដែលបច្ចុប្បន្នមានចាប់ពី ១,៧ភាគរយទៅ ២ភាគរយ៖ «បើសិនរដ្ឋាភិបាលជួយសម្រួលឲ្យការប្រាក់ចុះទាបជាងរាល់ថ្ងៃទៀត គឺជាការផ្តល់ឱកាសដល់ពលរដ្ឋខ្មែរ យកប្រាក់កម្ចីនោះទៅប្រើការបានស្រួល ប៉ុន្តែវាពាក់ព័ន្ធជាមួយរដ្ឋាភិបាល ថាតើរដ្ឋាភិបាលមានលទ្ធភាពអីជួយដល់ស្ថាប័នប្រាក់កម្ចី ដើម្បីឲ្យទទួលបានប្រាក់កម្ចីថោកពីប្រភពណាមួយ ហើយពេលផ្តល់បន្តដល់ប្រជាពលរដ្ឋ ក៏បានទាបជាងហ្នឹងដែរ?»។
លោកបណ្ឌិត មាស នី យល់ថា ការដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យឈប់រឹបអូសអចលនទ្រព្យរបស់ប្រជាពលរដ្ឋនោះ គឺធ្វើឡើងដើម្បីប្រជាប្រិយភាពប៉ុណ្ណោះ ប៉ុន្តែជាលក្ខណៈបច្ចេកទេស វានឹងបណ្ដាលឲ្យគ្រឹះស្ថានផ្តល់ប្រាក់កម្ចីដួលរលំ។ ផ្ទុយទៅវិញលោកថា រដ្ឋាភិបាលគួរតែពង្រឹងសមត្ថភាពរបស់កសិករ ដើម្បីឲ្យពួកគាត់យកប្រាក់កម្ចីនោះ ទៅប្រើឲ្យចំទិសដៅ និងអាចមានលទ្ធភាពសងត្រឡប់មកវិញ ដើម្បីជៀសវាងការធ្វើចំណាកស្រុកទៅក្រៅប្រទេស ដើម្បីរកលុយសងម្ចាស់បំណុល៕
ប្រភព៖ www.rfa.org