បណ្ដាញទំនាក់ទំនងក្នុងសង្គមគឺពិតជារឿងសំខាន់ណាស់សម្រាប់មនុស្ស ម្នាក់ៗ ទាំងក្នុងជីវិតការងារ និង ជីវិតឯកជនផ្ទាល់ខ្លួន។ ទំនាក់ទំនងក្នុងសង្គមល្អ អាចជួយឲ្យជីវិតអ្នកជោគជ័យ ជាងមនុស្សដែលរស់នៅឯកា ចេញពីសង្គម។ ចំណែកក្នុងជីវិតការងារវិញ ការមានបណ្ដាញទំនាក់ទំនងល្អអាចជួយផ្តល់ឱកាសឲ្យអ្នកនូវការងារ ទទួលបានចំណេះដឹង និងបទពិសោធន៍ជាច្រើនក្នុងជីវិត។ ប៉ុន្តែបញ្ហាត្រង់ថា ការបង្កើតបណ្តាញទំនាក់ទំនងឲ្យបានល្អក្នុងសង្គមអាចនឹងមិនមែនជារឿងងាយស្រួលឡើយសម្រាប់បុគ្គលនិមួយៗ ដូច្នេះខាងក្រោមជាគន្លឹះខ្លះៗដែលអ្នកគួរសាកល្បងប្រសិនចង់បង្កើតបណ្តាញទាក់ទងមួយប្រកបដោយភាពជោគជ័យក្នុងសង្គម។
១) ត្រូវដឹកពីគោលបំណងរបស់ខ្លួន
នៅមុនពេលដែលអ្នក ធ្វើទំនាក់ទំនងជាមួយបុគ្គលដទៃ អ្នកត្រូវតែដឹងពីគោលបំណងខ្លួនឯងជាមុនសិន។ នេះមានន័យថាអ្នកត្រូវដឹងថា ខ្លួនឯងជានរណា ហើយចង់បានអ្វី? តើអ្វីទៅជាគោលបំណងដ៏ធំរបស់អ្នក? ជារឿយៗ មនុស្សតែមានជំនឿខុសថា រាល់បុគ្គលជោគជ័យក្នុងការបង្កើតបណ្ដាញទំនាក់ទំនង គឺជាមនុស្សដែលស្គាល់មនុស្សគ្រប់រូប។ នៅក្នុងការពិតជាក់ស្ដែង បុគ្គលដែលជោគជ័យក្នុងការការបង្កើតបណ្ដាញទាក់ទង (Successful Networkers) គឺគេយល់ច្បាស់ចំពោះមនុស្សណាម្នាក់ដែលខ្លួនគួរទាក់ទង ព្រោះវាជួយឲ្យពួកគេឆាប់ទទួលបាននូវអ្វីដែលខ្លួនចង់បាន។
២) ត្រូវស្គាល់ឲ្យច្បាស់មនុស្សដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ
ជាថ្មីម្តងទៀត មនុស្សដែលពូកែបង្កើតបណ្ដាញ គឺជាមនុស្សដែលទាក់ទង ជាមួយមនុស្សត្រឹមត្រូវហើយស្គាល់ពីប្រវត្តិរបស់គេច្បាស់ មិនមែនទៅទាក់ទងមនុស្សគ្រប់រូបដែលពួកគេជួបនោះឡើយ។ នៅពេលដែលអ្នកស្គាល់ពីខ្លួនឯង នោះអ្នកនឹងដឹងថានរណាជាមនុស្ស ដែលមានគ្រប់លក្ខណៈសម្បត្តិដែលអ្នកត្រូវការដើម្បីមកបំពេញបន្ថែមភាពខ្វះខាតឲ្យខ្លួនឯង។ នេះជាមធ្យោបាយមួយដែលជួយឲ្យអ្នកសន្សំពេលបានច្រើន និង ទទួលបានអត្ថប្រយោជន៍ច្រើន។
៣) ចេះរក្សាបណ្ដាញទំនាក់ទំនងចាស់ៗរបស់ខ្លួន
ទោះបីជាអ្នកអាចបង្កើតបណ្ដាញទំនាក់ទំនងថ្មីមួយហើយក៏ដោយ អ្នកមិនត្រូវព្រងើយកន្តើយ ជាមួយមនុស្សដែលអ្នកធ្លាប់ទាក់ទងជាមួយនោះឡើយ។ ការជួបជាមួយមនុស្សថ្មី គឺជារឿងល្អ ប៉ុន្តែមិនមែនការជួបជាមួយមនុស្សថ្មីសុទ្ធតែផ្ដល់ផលល្អចំពោះអ្នកនោះឡើយ ជាពិសេសមនុស្សដែលនៅជិតស្និទ្ធនឹងអ្នក ព្រោះពួកគេអាចផ្ដល់ឲ្យអ្នក ច្រើនជាងអ្វីដែលអ្នកត្រូវការ ហើយប្រសិនបើពួកគេមានការងារខុសពីអ្នក នោះវាអាចជួយឲ្យអ្នកនឹងពួកគេ អាចទទួលបានអត្ថប្រយោជន៍រៀងៗខ្លួន។
ប្រភព៖ www.thebnews.com