កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី របស់កម្ពុជា បានឈ្នះការប្រកួតជម្រុះដើម្បីទទួលបានសិទ្ធិទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអន្តរជាតិលើកទី ៣១ ឆ្នាំ ២០១៦ នៅប្រទេសប្រេស៊ីល ពោលគឺទទួលបានកៅអីពេញសិទ្ធិតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ដែលនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយត្រូវបានចាត់ទុកថា សមិទ្ធផលដ៏អស្ចារ្យសម្រាប់មាតុភូមិខ្មែរក្នុងរយៈពេលជាង ៦២ ឆ្នាំ។
ស៊ន សៀវម៉ី ទទួលបានលទ្ធផលគួរជាទីមោទនភាព ក្រោយពីបានប្រកួតឈ្នះកីឡាការិនីមកពីប្រទេសតាហ្ស៊ីគីស្ថាន និងឈ្នះកីឡាការិនីមកពីហ្វីលីពីនក្នុងការប្រកួតជម្រុះជើងឯកតេក្វាន់ដូទ្វីបអាស៊ី នៅប្រទេសហ្វីលីពីន ដែលចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៦។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា៖ «ជ័យជម្នះរបស់កីឡាការិនីស៊ន សៀវម៉ី លើកនេះត្រូវបានស្ថាប័នជាតិ និងអន្តរជាតិកត់ត្រាក្នុងប្រវត្តិសាស្ត្រពីព្រោះរយៈពេល ៦២ ឆ្នាំ ទើបតែទទួលបានសិទ្ធិពេញលេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកអន្តរជាតិ»។
លោកបានប្រាប់បន្តឲ្យដឹងថា៖ «លើកមុនៗកម្ពុជា យើងធ្លាប់ទៅចូលរួមប្រកួតខ្នាតអូឡាំពិកអន្តរជាតិនេះតាមរយៈភាពអនុគ្រោះតែប៉ុណ្ណោះ ប៉ុន្តែពេលនេះស៊ន សៀវម៉ី ដណ្តើមបានកៅអីពេញសិទ្ធិសម្រាប់ការប្រកួតនៅប្រទេសប្រេស៊ីលខាងមុខ»។
ទាក់ទងទៅនឹងប្រាក់រង្វាន់ លោកវ៉ាត់ ចំរើន បានបន្ថែមថា៖ «ខ្ញុំមិនចង់និយាយពីប្រាក់រង្វាន់ទៀតទេ ពីព្រោះយើងកំពុងតែមានមោទនភាពខ្លាំងដោយសារតែចលនាកីឡារបស់កម្ពុជា បានឈានចូលទៅដល់កម្រិតអូឡាំពិកអន្តរជាតិដូចក្នុងក្តីស្រមៃ ហើយគោលដៅរបស់ថ្នាក់ដឹកនាំកីឡាយើងបានសម្រេចហើយ»។
លោក Choi Yong Sok ដែលជាគ្រូបង្វឹករបស់ស៊ន សៀវម៉ី បានប្រាប់ឲ្យដឹងថា៖ «ម្ចាស់មេដាយមាសទ្វីបអាស៊ី សៀវម៉ី បានជាប់ទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅប្រទេសប្រេស៊ីលនាពេលខាងមុខហើយ។ ជ័យជម្នះនេះបានផ្តល់ឲ្យកញ្ញាស៊ន សៀវម៉ី ទទួលបានសិទ្ធិគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍ធំលំដាប់ពិភពលោកគឺអូឡាំពិកហ្គេម ដោយការចំណាយសព្វបែបយ៉ាងពេលទៅប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកខាងមុខ គឺជាបន្ទុកខាងម្ចាស់កម្មវិធីចេញឲ្យទាំងអស់»។
ប្រភពពីមន្ត្រីជាន់ខ្ពស់សុំមិនបញ្ចេញឈ្មោះ បានអះអាងថា នឹងមានការស្នើជារួមមួយទៅកាន់រាជរដ្ឋាភិបាលកម្ពុជាដើម្បីរៀបចំពិធីទទួលកីឡាការិនីស៊ន សៀវម៉ី នៅពេលត្រឡប់មកវិញនៅប៉ុន្មានថ្ងៃទៀតខាងមុខនេះ ខណៈដែលក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កំពុងតែសាទរជ័យជម្នះជា ប្រវត្តិសាស្ត្រមួយនេះ៕
ប្រភព៖ www.postkhmer.com