រាជធានីភ្នំពេញ ៖ សាលារាជធានីភ្នំពេញបាននិងកំពុងត្រៀមរៀបចំធ្វើការឈូសឆាយ ឬលុបរង្វង់មូលចេញចំនួន៣ទីតាំង គឺរង្វង់់មូលទួលគោក រង្វង់កាំកូស៊ីតធី និងរង្វង់មូលចោមចៅ (តែរង្វង់មូលចោមចៅនេះ ស្ថិតនៅក្នុងការពិចារណាសិន) ។ ការលុបរង្វង់មូលចេញ រួចដាក់ប្រពន្ធ័ភ្លើងស្តុបជំនួសនេះ គឺយកតាមគុំរូអតីតរង្វង់មូលនាងគង្ហីង ដោយអាជ្ញាធរនេះយល់ឃើញថា អាចដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ដែលជាបញ្ហាប្រឈមនេះ បានមួយកម្រិត ។
ក្នុងកិច្ចប្រជុំពាក់ពន្ធ័ទៅនឹងបញ្ហាចរាចរណ៍ក្នុងរាធានីភ្នំពេញ កាលពីថ្ងៃទី២១ មេសា ២០១៦ នេះ លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ រាជធានីភ្នំពេញបានឲ្យដឹងថា សាលារាជធានីភ្នំពេញ បានត្រៀមធ្វើការឈូសឆាយ រង្វង់មូលទួលគោក និងរង្វង់មូលកាំកូស៊ីតធី នៅពេលឆាប់ៗនេះ ដោយដាក់ ភ្លើងស្តុប ដើម្បីដោះស្រាយ បញ្ហាកក់ស្ទះចរាចរណ៍នៅតំបន់នោះ ។
ចំពោះការងារកែសម្រួលរង្វង់មូលទួលគោកនេះ ត្រូវលុបរង្វង់មូលចេញ ដោយពង្រីកផ្លូវបន្ថែមចាប់ពីផ្លូវរទេះភ្លើង រហូតដល់ហួសរង្វង់មូលហើយ តម្លើងប្រពន្ធ័ភ្លើងស្តុបសម្រួលទិសចរាចរណ៍ថ្មី ដូចនឹងភ្លើងស្តុបនាងគង្ហីងដែរ ។ ចំណែករង្វង់មូលកាំកូស៊ីតធីដែលមានផ្លូវប្រសព្វរហូតដល់ទៅ៦ខ្សែ ដូច្នេះទាមទារឲ្យមានការសិក្សាឲ្យបានមត់ចត់ ដើម្បីឲ្យប្រពន្ធ័ចរាចរណ៍នៅតំបន់នេះកាន់តែប្រសើរឡើង ។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា ត្រង់ចំណុចរាចរណ៍នៅរង្វង់កាំកូស៊ីតធីនេះបើតាមការសិក្សារួមគ្នា រវាងមន្ទីរសាធារណៈការក្រុមហ៊ុនអូស៊ីអាយស៊ី និងក្រុមហ៊ុនហឺណានរបស់ចិនបានបង្ហាញថា ការដោះស្រាយយូរអង្វែងទាល់តែធ្វើស្ពានអាកាសនិងផ្លូវក្រោមដីទើបអាចដោះស្រាយប្រពន្ធ័ចរាចរនេះបាន។
ពាក់ពន្ធ័ទៅនិងការលើកឡើងរបស់លោកសាំ ពិសិដ្ឋ ខាងលើនេះ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានគាំទ្រចំពោះគម្រោងកែលំអរង្វង់មូលទាំង២នេះ ប៉ុន្តែស្នើឱ្យអ្នកជំនាញសិក្សាល្អិតល្អន់បន្ថែមទៀត ជាពិសេស ផលប៉ះពាល់ និងលទ្ធភាពនៃការដោះស្រាយប្រព័ន្ធចរាចរណ៍នៅតំបន់នោះ ដែលអាចឈានទៅអនុម័ត ជាផ្លូវការនៅចុងសប្តាហ៍ក្រោយតែម្តង ។
ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញដែលតែងធ្វើដំណើរឆ្លងកាត់ផ្លូវរង្វង់មូលទួលគោកនេះបានសម្តែងនូវការអបអរសាទរចំពោះគ្រោងកែលម្អប្រពន្ធ័ចរាចរណ៍នៅតំបន់នេះដែលវានឹងជួយសម្រួលលចរាចរណ៍ទៅមកបានយ៉ាងច្រើន ខណៈពេលបច្ចុប្បន្ន ការ
ចំណែកអ្នករត់រ៉ឺម៉កកង់បីក្នុងរាជធានីភ្នំពេញបានអះអាងថា ប្រសិនបើរង្វង់មូលទាំងអស់ ដែលមានលក្ខណៈស្មុគស្មាញខ្លាំង អាជ្ញាធរ គួរប្តូរឱ្យមានភ្លើងស្តុបវិញល្អជាង ខណៈដែលពេលនេះ រាជរដ្ឋាភិបាលមិនទាន់មានលទ្ធភាពធ្វើស្ពានអាកាស ឬផ្លូវក្រោមដីបាននោះ ។
មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា រង្វង់មូលចោមចៅក៏កំពុងសិក្សា និងត្រៀមកែលំអឡើងវិញដែរ ហើយនៅពេលខាងមុខទីនោះ ក៏គ្រោងធ្វើផ្លូវក្រោមដី និងស្ពានអាកាសដែរ ដោយសារជាច្រកចេញ-ចូលក្នុងក្រុងដ៏សំខាន់ ហើយចរាចរណ៍ក៏មានការកកស្ទះរាល់ថ្ងៃផងដែរ ។
ប្រភព៖ www.kohsantepheapdaily.com.kh