លោក Steve Siebold បានបោះបង់ការសិក្សានៅមហាវិទ្យាល័យ ហើយការប្រាថ្នាចង់ក្លាយជាអ្នកមានរបស់លោកបានចាប់ផ្ដើមជាមួយនឹងការធ្វើសម្ភាសន៍ជាមួយមហាសេដ្ឋី។
ចាប់តាំងពីពេលនោះមកលោក Steve បានសម្ភាសន៍សេដ្ឋីជាង១២០០នាក់នៅជុំវិញពិភពលោកក្នុងរយៈពេលជាង៣ទសវត្ស ហើយលោកបានក្លាយជាសេដ្ឋីខ្លួនឯង។
នៅក្នុងការស្រាវជ្រាវរបស់លោក Steve លោកបានកត់សម្គាល់អតីតកាលរបស់សេដ្ឋីពីចំណុចដូចគ្នាមួយគឺ ពួកគេរៀនសូត្រដោយខ្លួនឯងតាមរយៈការអាន។
“ដើរចូលក្នុងផ្ទះរបស់អ្នកមាន ហើយអ្វីដែលអ្នកនឹងឃើញមួយក្នុងចំណោមរបស់ជាច្រើនគឺបណ្ណាល័យដ៏ធំដែលផ្ទុកដោយសៀវភៅជាច្រើនពួកគេធ្លាប់បានប្រើដើម្បីអប់រំខ្លួនឆ្ពោះមករកភាពជោគជ័យ។ មនុស្សវណ្ណៈកណ្ដាលអានប្រលោមលោក រឿងពីនេះពីនោះ និងទស្សនាវដ្ដីកម្សាន្ត។” លោក Siebold សរសេរ។
សេដ្ឋីចូលចិត្តអានសៀវភៅបែបអប់រំជាងសៀវភៅផ្ដល់ការកម្សាន្ត។
ឧទាហរណ៍ដូចជាលោក Warren Buffett ត្រូវគេប៉ាន់ប្រមាណថា ប្រើពេល៨០%នៃពេលវេលាប្រចាំថ្ងៃដើម្បីអាន។
យោងតាមលោក Thomas Corley អ្នកនិពន្ធនៃសៀវភៅ “ទម្លាប់អ្នកមាន៖ ទម្លាប់ជោគជ័យប្រចាំថ្ងៃរបស់អ្នកមាន” ៦៧%នៃអ្នកមានមើលទូរទស្សន៍តិចជាង១ម៉ោងក្នុងមួយថ្ងៃ ខណៈដែលអ្នកក្រត្រឹមតែ២៣%ប៉ុណ្ណោះដែលមើលទូរទស្សន៍តិចជាង១ម៉ោងក្នុងមួយថ្ងៃ។ លោក Corley ក៏បានរកឃើញដែរថា ៦%នៃអ្នកមានមើលកម្មវិធីកម្សាន្ត ខណៈអ្នកក្រ៧៨%មើលកម្មវិធីនេះ៕
ប្រភព៖ www.knn-news.com