ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃ០៣ ខែឧសភា ឆ្នាំ២០១៦នេះ បានសរសេរនៅ ក្នុងហ្វេសប៊ុកថា ចាប់ពីពេលនេះតទៅ គឺមានតែអ្នកទេសចរថ្មើជើង និងអ្នកជិះកង់ ឬក្នុងករណីបន្ទាន់ផ្សេងៗ ដូចជារថយន្តពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះបន្ទាន់ប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យធ្វើដំណើរ ត្រង់ទៅមុខប្រាសាទអង្គរវត្តបាន។
នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់ សម្ដេចបានសរសេរបញ្ជាក់ថា រួមគ្នាដើម្បីសណ្តាប់ធ្នាប់ចរាចរណ៍ និងសុវត្ថិភាពនៅបរិវេណអង្គរ យើងនាំគ្នាចូលរួមរៀបចំ ឲ្យមានសណ្តាប់ធ្នាប់ចរាចរណ៍ល្អ នៅមុខប្រាសាទអង្គរវត្ត ដើម្បីលើកស្ទួយ កិត្យានុភាពនៃសម្បត្តិវប្បធម៌ ពិភពលោកដ៏ល្បីល្បាញ។
សម្ដេចបានសង្កត់ធ្ងន់ថា “ចាប់ពីពេលនេះតទៅ គឺមានតែអ្នកទេសចរថ្មើជើង និងអ្នកជិះកង់ ឬក្នុងករណីបន្ទាន់ផ្សេងៗ ដូចជារថយន្តពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះបន្ទាន់ប៉ុណ្ណោះ ដែលអនុញ្ញាតអោយធ្វើដំណើរ ត្រង់ទៅមុខប្រាសាទអង្គរវត្តបាន។ នេះគឺដើម្បីសម្រួលការ កកស្ទះចរាចរណ៍ ការថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពទេសចរណ៍ និង លើកសោភ័ណភាពបរិវេណ មុខអង្គរអច្ឆរិយៈនៃ ព្រះរាជាណាចក្រកម្ពុជា” ៕
ប្រភព៖ www.dap-news.com