លោក Jack Ma ជាមហាសេដ្ឋីជនជាតិចិនដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសចិន លោកគឺជាស្ថាបនិក និង ជានាយកប្រតិបត្តិក្រុមហ៊ុន Alibaba Group ដែលជាក្រុមហ៊ុនលក់ទំនិញដ៏ធំបំផុតនៅក្នុងប្រទេសចិន និងទៅទូទាំងសាកលលោកផងដែរ។
១) ស្វែងយល់ពេលអ្នកត្រូវគេបដិសេធ ៖ លោក Jack Ma ថ្លែងថាលោកត្រូវបានសាកលវិទ្យាល័យ Harvard បដិសេធរូបលោករហូតដល់ទៅ ១០ លើក រួមទាំងក្រុមហ៊ុនធំៗមួយចំនួននៅក្នុងប្រទេសចិនផង ប៉ុន្តែលោកថា លោកមិនអស់សង្ឃឹមឡើយ ដោយលោកមានគំនិតថាថ្ងៃណាមួយលោកនឹងក្លាយជាគ្រូបង្រៀនពួកគេទាំងនោះវិញ។
២) រក្សាក្តីសុបិនរបស់ខ្លួនឲ្យមានជីវិតរស់ ៖ លោក Jack Ma ផ្តល់ដំបូន្មានថា អាថ៌កំបាំងមួយនៃភាពជោគជ័យរបស់លោក គឺ រក្សាក្តីសុបិនរបស់ខ្លួនឲ្យមានជីវិតរស់ ព្រោះក្តីសុបិនរបស់អ្នកនឹងក្លាយជាការពិតនៅថ្ងៃណាមួយ ប្រសិនបើអ្នកតស៊ូរក្សាវា មិនបោះបង់វាចោល។
៣) ផ្តោតយកចិត្តទុកដាក់លើវប្បធម៌ធ្វើការងារ ៖ លោកJack Ma និយាយថាបច្ចេកវិទ្យាគ្រាន់តែជាឧបករណ៍ជំនួយខាងក្រៅប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់ គឺការបណ្តុះមនុស្សនៅក្នុងក្រុមហ៊ុន ឲ្យមានឆន្ទៈតែមួយ ដើម្បីបំពេញបាននូវបេសកកម្មរបស់អ្នក ដូច្នេះវប្បធម៌ក្នុងកន្លែងធ្វើការងារជារឿងសំខាន់បំផុត ក្នុងការធ្វើឲ្យពួកគេចេះជួយគ្នាទៅវិញទៅមក។
៤) មិនត្រូវយកទុកដាក់ចំពោះទស្សនៈអ្នកដទៃ ៖ មនុស្សម្នាក់ៗ មានទស្សនៈរៀងៗខ្លួន នៅពេលដែលអ្នកមើលឃើញអ្វីមួយថ្មី ល្អ និង ជាឱកាសឲ្យអ្នកទៅសម្រេចក្តីស្រមៃរបស់ខ្លួន អ្នកត្រូវតែធ្វើវាឲ្យបានតាមអ្វីដែលអ្នកអាចធ្វើបាន ដោយមិនចាំបាច់ខ្វល់ពីគំនិតអ្នកដទៃមកលើអ្នកឡើយព្រោះពួកគេអាចមើលមិនឃើញនូវអ្វីដែលអ្នកមើលឃើញ។
៥) ត្រូវចេះលើកទឹកចិត្តខ្លួនឯង ៖ មានវិធីច្រើនណាស់ដែលអ្នកអាចលើកទឹកចិត្តខ្លួនឯង តាមរយៈរៀនសូត្រពីបទពិសោធន៍របស់បុគ្គលជោគជ័យ នៅជុំវិញពិភពលោក រៀនសូត្រ ពីខ្សែភាពយន្តដែលបង្កប់ដោយអត្ថន័យអប់រំជាដើម និង ការលើកទឹកចិត្តខ្លួនឯងតាមរយៈអ្វីដែលអ្នកចង់ធ្វើចេញពីបេះដូងរបស់អ្នក នោះក៏ជាការលើកទឹកចិត្តខ្លួនឯងដែរនេះបើតាមការថ្លែងរបស់លោក Jack Ma។
៦) រក្សាការផ្តោតយកចិត្តទុកដាក់ ៖ ការផ្តោតយកចិត្តទុកដាក់ត្រូវលោក Jack Ma បកស្រាយថាអ្នកត្រូវតែចេះឆ្លើយថា ទេ និង ឆ្លើយថាបាទ នៅពេលអ្នកឆ្លើយទេ ព្រោះវាមិនមែនជាអ្វីដែលធ្វើឲ្យអាជីវកម្មអ្នកអភិវឌ្ឍ និងធ្វើឲ្យខ្ជះខ្ជាយពេលឥតប្រយោជន៍ ប៉ុន្តែនៅពេលអ្នកឆ្លើយថាបាទ វិញអ្នកត្រូវតែមើលឃើញថាវាជាពេលមួយដ៏ល្អដែលផ្តល់ឱកាសឲ្យអ្នករាប់ពាន់ឱកាសដើម្បីសម្រេចជោគជ័យ។
៧) ត្រូវចេះដាក់ឈ្មោះក្រុមហ៊ុនមួយដែលល្អ ៖ លោក Jack Ma ពន្យល់ថាអ្នកត្រូវចេះដាក់ឈ្មោះណាដែលងាយអានងាយចាំ ពោលគឺជាប្រភេទឈ្មោះមានលក្ខណៈជាសាកលតែម្តង។
៨) ត្រូវចាត់ទុកអតិថិជនគឺជាមនុស្សទី១ ៖ លោក Jack Ma រៀបរាប់ថាលោកបានចាត់ទុកអតិថិជនជាមនុស្សទី១ ដែលធ្វើឲ្យក្រុមហ៊ុនអភិវឌ្ឍទៅមុខ ព្រោះពួកគេជាអ្នកចំណាយលុយមកលើអ្នក ចំណែកបុគ្គលិកបម្រើការងារជាមនុស្សទី២ ដែលរួមចំណែកអភិវឌ្ឍទាំងផលិតផល សេវាកម្ម និង ការទំនាក់ទំនង ហើយ ម្ចាស់ទុនផ្សេងៗជាមនុស្សទី៣ ដើម្បីជួយទ្រទ្រង់ក្រុមហ៊ុនពេលជួបហានិភ័យ។
៩) មិនត្រូវស្ដីបន្ទោស ខំស្វែងរកឱកាសថ្មី ៖ នៅពេលអតិថិជន រអ៊ូរទាំចំពោះក្រុមហ៊ុនអ្នក ស្តីបន្ទោសដល់ក្រុមហ៊ុនអ្នក អ្នកមិនគួរស្តីបន្ទោសឲ្យបុគ្គលិកខ្លួននោះឡើយ អ្នកគួរតែខំរកឱកាសថ្មីដើម្បីធ្វើឲ្យល្អប្រសើរឡើងចំពោះអ្វីដែលពួកគេមិនពេញចិត្ត។
១០) ត្រូវមានចំណូលចិត្តខ្ពស់ចំពោះអ្វីដែលខ្លួនឯងស្រលាញ់ ៖ ការមានចំណូលចិត្តខ្ពស់ចំពោះអ្វីដែលខ្លួនឯងធ្វើមិនត្រឹមធ្វើឲ្យអ្នកទទួលជោគជ័យប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យអ្នកជាគូប្រជែងដ៏ខ្លាំងជាមួយក្រុមហ៊ុនដទៃទៀតផង។
ប្រភព៖ www.knn-news.com