ភ្នំពេញៈ មន្ដ្រីរដ្ឋាភិបាលបានឲ្យដឹងថាការដាក់ពាក្យចុះបញ្ជីផ្លូវការរបស់អង្គការមិនមែនរដ្ឋាភិបាល (NGO) ដែលប្រតិបត្តិការផ្តល់កម្ចីខ្នាតតូចនៅតែមានល្បឿនយឺតនៅឡើយ និងបានជំរុញឲ្យគ្រឹះស្ថានដែលមិនបានចុះឈ្មោះអនុវត្តតាមតម្រូវការច្បាប់ដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា (NBC)។
លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានថ្លែងបែបនេះនៅក្នុងសិក្ខាសាលាថ្នាក់ជាតិមួយនៅពេលថ្មីៗនេះដែលសំដៅផ្សព្វផ្សាយច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (LANGO)។ នេះបើតាម AKP។
យោងតាមទិន្នន័យបង្ហាញដោយរដ្ឋមន្ដ្រីមានសមាគម និងNGO តែ ១៥៥ ប៉ុណ្ណោះក្នុងចំណោម ៦២០ ដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃបានបំពេញតាមតម្រូវការចុះបញ្ជីដោយធនាគារជាតិនៃកម្ពុជា (NBC) ក្នុងការបន្តការផ្ដល់កម្ចីមីក្រូហិរញ្ញវត្ថុ។
របាយការណ៍បានបង្ហាញថាសម្រាប់សមាគម និងអង្គការដែលទទួលបានលិខិតបញ្ជាក់មានសមាគមចំនួន ២១ និង NGO ចំនួន ១៣២។
កាលពីខែកុម្ភៈឆ្នាំមុន NBC និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញការព្រមានមួយប្រឆាំងនឹងការកើនឡើងគ្រឹះស្ថានផ្ដល់ប្រាក់កម្ចីដែលមិនមានអាជ្ញាប័ណ្ណ សមាគម និងNGO ដោយលើកឡើងថាតាមរយៈប្រតិបត្តិការនៅក្រៅការគ្រប់គ្រងរបស់រដ្ឋាភិបាល ស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជាកំពុងស្ថិតក្នុងហានិភ័យ។ ការប្រកាសនេះបានអំពាវនាវឲ្យប្រតិបត្តិករដែលមិនបានចុះបញ្ជីត្រូវមកចុះបញ្ចី បើមិនដូច្នេះទេនឹងត្រូវបង្ក្រាបតាមផ្លូវច្បាប់។
លោកស្រី ជា សិរី អគ្គនាយករបស់ NBC បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីដើមខែនេះថាចាប់តាំងពីមានសេចក្ដីប្រកាសរួមមកគ្រឹះស្ថានគ្មានអាជ្ញាប័ណ្ណ និងក្រៅផ្លូវការបាននាំគ្នាទៅធនាគារកណ្ដាលដើម្បីចុះបញ្ជី និងការយល់ព្រមពីធនាគារជាតិ។
លោកស្រីលើកឡើងថា៖ «គ្រឹះស្ថានផ្ដល់កម្ចីក្រៅផ្លូវការ [ប្រហែល] ៣០០ បានដាក់ពាក្យទៅ NBC ដើម្បីចុះបញ្ជីបន្ទាប់ពីសេចក្ដីប្រកាសរួមនេះ»។
លោកស្រីបន្ថែមថាគ្រឹះស្ថាន ៩០ ត្រូវបានផ្ដល់ការយល់ព្រមរួចហើយ។
លោកស្រីបញ្ជាក់ថា៖ «បច្ចុប្បន្នយើងកំពុងពិនិត្យមើលការដាក់ពាក្យសុំទាំងនេះហើយអាចសម្រេចក្នុងការចុះបញ្ជីពួកគេ ឬ តម្រូវឲ្យ NGO ត្រូវបញ្ឈប់ប្រតិបត្តិការសកម្មភាពឥណទានទាំងអស់ប្រសិនបើពួកគេមិនឆ្លើយតបតាមលក្ខណៈវិនិច្ឆ័យទេ»។
យោងតាមប្រកាសស្ដីពីការចុះបញ្ជី និងការផ្ដល់អាជ្ញាប័ណ្ណរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតាមច្បាប់កម្ពុជាដើម្បីបានការទទួលស្គាល់ជាផ្លូវការពី NBC តម្រូវឲ្យគ្រឹះស្ថានផ្ដល់ប្រាក់កម្ចីត្រូវមានផលបត្រកម្ចី ២៥ ០០០ ដុល្លារអាមេរិក ឬច្រើនជាងនេះជាមួយនឹងប្រាក់បញ្ញើ ២៥០ ដុល្លារ ឬត្រូវមានអ្នកដាក់ប្រាក់បញ្ញើ ១០០ នាក់។
លោក ហ៊ួត អៀងតុង ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាថ្លែងថាបទប្បញ្ញត្តិបច្ចុប្បន្នត្រូវបានត្រួតពិនិត្យឡើងវិញហើយរាល់ប្រតិបត្តិការឥណទានទាំងអស់គឺតម្រូវឲ្យចុះបញ្ជី។
លោកថា៖ «គោលនយោបាយចុះបញ្ជីរបស់ MFI របស់ NBC ដើរតួនាទីដ៏សំខាន់នៅក្នុងប្រតិបត្តិការផ្ដល់កម្ចី»។
លោកបន្ថែមថាវាផ្ដល់ការការពារដល់គ្រឹះស្ថានផ្ដល់ប្រាក់កម្ចី។ លោកបញ្ជាក់ថា៖ «សម្រាប់គ្រឹះស្ថានដែលប្រតិបត្តិការដោយមិនចុះបញ្ជីប្រឈមនឹងហានិភ័យខាតបង់ប្រាក់ដែលពួកគេផ្ដល់ទៅឲ្យអតិថិជន»៕
ប្រភព៖ www.postkhmer.com