ល្បែងប្រជាប្រិយខ្មែរមួយប្រភេទគឺ “ល្បែងទាញព្រ័ត្រ” ត្រូវបានគណៈកម្មការយូណេស្កូសម្រេចចុះបញ្ជីចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅប្រទេសណាមីប៊ី។ នេះបើយោងតាមទំព័រ Facebook ផ្លូវការរបស់លោក សីយ៉ុន សុភារិទ្ធ ប្រធាននាយកដ្ឋានស្ថិតិ និងផែនការសរុបនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
បើតាម លោកជំទាវ ភឿង សក្កណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រាប់ថា ការដាក់ល្បែងទាញព្រ័ត្រជាការដាក់ចូលរួមគ្នាចំនួន៤ប្រទេស មិនមែនតែកម្ពុជានោះឡើយ គឺកូរ៉េ វៀតណាម ភីលីពីន និងកម្ពុជា ដោយសារប្រទេសទាំងនេះមានល្បែងនេះដូចគ្នា ដែលហៅថាសិទ្ធរួម។លោកជំទាវជឿថា ការចុះបញ្ជីនេះនឹងអាចរក្សាបានភាពគង់វង្ស ព្រមទាំងគាំទ្រធ្វើឲ្យររស់ឡើងវិញនូវការលេងល្បែងទាញព្រ័តនេះផងដែរ។
កន្លងមក កម្ពុជាបានចុះបញ្ជីចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដូចជា របាំអប្សរា និងរបាំស្បែកធំ ។ ចំណែកចាប៉ីដងវែងកំពុងស្ថិតក្នុងដំណាក់ការស្នើទៅយូណេស្កូ និងនាពេលខាងមុខ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបំណងចុះបញ្ជីភ្លេងអារក្សសម្រាប់បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិផងដែរ។
ល្បែងទាញព្រ័ត្រ ជាល្បែងលេងកម្សាន្តសប្បាយរបស់យុវជនខ្មែរទាំងបុរស ទាំងស្ត្រី ដែលនិយមលេងនៅរដូវចូលឆ្នាំខ្មែរ ឬកម្មវិធីកម្សាន្តភូមិជាដើម។
ប្រភព៖ news.sabay.com.kh