លោកអ្នកប្រហែលជាបានឃើញហើយថា ស្លាកសញ្ញាជាច្រើនក្នុងស្ថាប័ននានាក្នុងសហរដ្ឋអាមេរិច ដែលបានប្រើប្រាស់រូបសត្វឥន្រ្ទី។ ក្រៅពីនេះ ក៏សហព័ន្ធបាល់ទាត់ផ្សេងៗទៀត ដូចជា៖ ក្រុមជើងឯកពិភពលោក អាឡឺម៉ង់ ក្រុមបាល់ទាត់រុស្ស៊ី និងក្លិបបាល់ទាត់ដូចជា ManCity ជាដើមសុទ្ធតែ ប្រើ ប្រាស់ឈ្មោះ និងរូបសត្វឥន្ទ្រីទាំងអស់។ ហេតុអ្វីបានជាមនុស្សចូលចិត្ត យក «ឥន្ទ្រី» តំណាងឲ្យ ស្ថាប័ន ឬក្រុមរបស់ខ្លួនបែបនេះ? តើមានអ្វី ពិសេស អំពីសត្វបក្សីមាឌធំនេះមែនទេ?
ខាងក្រោម គឺជាមេរៀនពិតនៃជីវិតរបស់សត្វឥន្រ្ទីដែលមនុស្សគួរស្វែងយល់ និងរៀនសូត្របាន៖
១. ឥន្រ្ទីហោះហើរជាមួយសត្វឥន្រ្ទី ៖ សត្វឥន្រ្ទីហោះហើរនៅកម្ពស់ខ្ពស់បំផុត ដូចនេះគ្មានបក្សីណាដែលអាច បណ្តែតកាយក្នុងកម្ពស់នេះបានឡើយ ក្រៅពីគ្នាវានោះទេ។ វាមិនដែលហោះហើរជាមួយបក្សីផ្សេងៗដូចជា សត្វចាប សត្វក្អែក ឬហ្វូងបក្សីផ្សេងទៀតឡើយ។
២. ឥន្ទ្រីមានទស្សនៈវិស័យវែងឆ្ងាយ និងមានការផ្តោតអារម្មណ៍ខ្លាំង ៖ បក្សីប្រភេទមានសំឡឹងមើលបានឆ្ងាយណាស់ រហូតដល់រយៈចំងាយជាង ៥០០០ម៉ែត្រ។ នៅពេលដែលវាសំឡឹងទៅរកចំណី ឬកំណត់ទិសដៅណា ហើយ វានឹងហោះសំដៅទៅតែម្តងដោយមិនខ្វល់ពីឧបសគ្គអ្វីឡើយ។ ទោះបីមានឧបសគ្គអ្វីក៏ដោយ ក៏មិនអាច ធ្វើឲ្យសត្វឥន្ទ្រីចាកចេញពីគោលដៅដែលខ្លួនបានដៅទេ ពោលគឺរហូតទាល់តែចាប់ចំណី ឬដល់គោលដៅ របស់ខ្លួន។
៣. ឥន្ទ្រីមិនស៊ីសត្វងាប់ (សាកសព) ៖ ខុសពីសត្វត្មាតដែលស៊ីសត្វងាប់ ឥន្រ្ទីវិញស៊ីតែរបស់ស្រស់ៗ តែ ប៉ុណ្ណោះ។ មនុស្សគួរតែប្រុងប្រយ័ត្នខ្ពស់ជាមួយអ្វីដែលត្រូវមើល ឬត្រូវស្តាប់ពិសេសគឺព័ត៌មាន ដែលថ្មីៗក្តៅៗ។ មនុស្សត្រូវតែ បង្កើនការស្រាវជ្រាវឲ្យបានប្រសើរបំផុត។
៤. ឥន្ទ្រីចូលចិត្តព្យុះ ៖ ស្របពេលដែលសត្វបក្សីទាំងឡាយហើរឆ្លេឆ្លា និងស្វែងរកទីសុវត្ថិភាពពេលខ្យុះខ្លាំងម្តងៗ តែសត្វឥន្ទ្រីបែរជារីករាយជាមួយព្យុះទៅវិញ។ ពេលជួបខ្យល់ព្យុះ វាតែងតែហើរឡើងឲ្យខ្ពស់ រួចសំកាំងស្លាប ដោយបណ្តោយខ្លួនតាមខ្យល់ទៅរកគោលដៅដែលវាត្រូវទៅ ដោយមិនចាំបាច់ប្រើកំលាំងហើរឡើយ។ មានន័យថា ឥន្ទ្រីចេះទាញយកប្រយោជន៍ពីឧបសគ្គ។
៥. ឥន្ទ្រីចេះសាកល្បងមុនពេលទុកចិត្ត ៖ មិនមែនចេះតែទុកចិត្តអ្វីមួយឡើយ ពោលឥន្ទ្រីត្រូវតែធ្វើការពិសោធន៍មុនពេលជឿជាក់លើអ្វីមួយ។ ជាក់ស្តែងបើឥន្ទ្រីឈ្មោលណាចង់ស្រលាញ់ឥន្ទ្រីញី ត្រូវតែឆ្លងកាត់ការសាកល្បងមួយ។ ឥន្ទ្រីញីហើរទៅក្រោមទៅពាំយកមែកឈើ ដោយឲ្យឥន្ទ្រីឈ្មោះហើរតាម រួចឥន្ទ្រីញីហើរឡើងលើឲ្យខ្ពស់ហើយបោះ មែកឈើចុះមកដី។ ឃើញបែបនេះឥន្ទ្រីឈ្មោះដែលតាមស្រលាញ់នាង ត្រូវតែហើរប្រដេញដើម្បីតាមចាប់មែកឈើ ដែលធ្លាក់នោះមិនត្រូវឲ្យធ្លាក់ដល់ដីទាន់ឡើយ។ ក្រោយចាប់បានហើយ ឥន្ទ្រីឈ្មោះត្រូវយកមែកឈើនេះទៅឲ្យឥន្ទ្រី ញីវិញ។ ក្រោយទទួល ឥន្ទ្រីញីបានពាំមែកឈើនោះហើរទៅលើឲ្យខ្ពស់ជាងលើមុន រួចទម្លាក់វាចុះមកដីម្តងទៀត ដើម្បីឲ្យអាឈ្មោលតាមចាប់ទៀត។ ធ្វើបែបនេះរហូតដល់ឥន្ទ្រីញីពេញចិត្តនឹងសមត្ថភាព ការតស៊ូព្យាយាមរបស់ ឥន្ទ្រីឈ្មោះហើយ ទើបវាស្រលាញ់។ ទោះក្នុងជីវិតអាពាហ៍ពិពាហ៍ ឬជំនួញក្តី អ្នកត្រូវការធ្វើតេស្តការប្តេជ្ញាចិត្ត និងសមត្ថភាពដៃគូសិន មុនពេលរួមរស់ ឬធ្វើជំនួញជាមួយគ្នា។
៦. ឥន្ទ្រីរៀបចំខ្លួនរួចរាល់សម្រាប់ការផ្លាស់ប្តូរ ៖ មុនពេលបង្កើតកូន ឥន្ទ្រីតែងតែស្វែងយកកន្លែងដែលខ្ពស់បំផុត ពិសេសតាមជ្រលងភ្នំ ឬមែកឈើខ្ពស់ៗ ដើម្បីឲ្យផុតពីសត្រូវផងទាំងពួង។ សត្វឥន្ទ្រីឈ្មោលត្រូវតែហើរមកដីដើម្បីស្វែងរកបន្លា មែកឈើងាប់ និងស្មៅទន់ៗ ដើម្បីធ្វើជាសំបុកសម្រាប់សម្រាល។ ទាំងបន្លា មែកឈើ និងស្មៅទន់ៗទាំងនោះត្រូវបានរៀបចំយ៉ាងល្អ ទាំងក្នុងបំណងការពារ និងបង្កភាពងាយស្រួលសម្រាប់ការបង្កើតកូន។ ក្រោយពេលសម្រាលរួច ទាំងឪពុក ទាំងម្តាយត្រូវសហការគ្នាដើម្បីបង្រៀនកូនឲ្យចេះ ហើរ និងមានភាពក្លាហាន។ ពួកគេបានបោះកូនចេញក្រៅសំបុក រួចបណ្តាលឲ្យធ្លាក់ដោយមានម្នាក់ចាំទទួល ឬក៏បោះឡើងលើឲ្យកូនតូចធ្លាក់ក្នុងសំបុកវិញ។ ពួកគេធ្វើបែបនេះរហូតដល់កូនរបស់ខ្លួនចេះហើរ និងមានភាពក្លាហានគ្រប់គ្រាន់ដើម្បីរស់នៅដោយឯករាជ្យបាន។
៧. ជម្រុះចោលនូវទម្លាប់ចាស់ ៖ ពេលឥន្ទ្រីកាន់តែចាស់ស្លាប ឬរោមរបស់វាកាន់តែខ្សោយទៅៗ ដែលធ្វើឲ្យមិនអាចហោះហើរបានលឿនឡើយ។ ពេលដែលវាមានអារម្មណ៍ថាខ្សោយ និងគិតពីសេចក្តីស្លាប់ វាតែងតែហើរទៅកន្លែងដ៏ស្ងប់ស្ងាត់បំផុត ពិសេសគឺក្នុងរូងថ្ម។ វាព្យាយាមត្រដុសខ្លួននឹងថ្ម ឬខាំបោច ដើម្បីឲ្យរោមចាស់ៗជ្រុះ រហូតអស់ពីខ្លួន។ បន្ទាប់មក វាបន្តរស់នៅក្នុងជីវិតស្ងប់ស្ងាត់នេះរហូតដល់រោមថ្មីដុះ មកវិញ ទើបវាហើរចេញមកជីវិតខាងក្រៅវិញ។
ប្រភព៖ www.jakjay.com