ទម្លាប់ល្អទាំង៤ ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

gallery-1431381741-tumblr-nmcftajjos1uqg4zmo1-1280

តើអ្នកដែលឆ្ងល់ដែរឬទេ ថាហេតុអ្វីបានជាអ្នកខ្លះក៏រៀនពូកែម្ល៉េះនៅក្នុងថ្នាក់ ហើយទោះបីជាអ្នកខំប្រឹងយ៉ាងណាក៏មិនអាចពូកែលើសពួកគេបានដែរ។ វាច្បាស់ណាស់ថាពួកគេប្រាកដជាមានទម្លាប់ល្អៗដែលអ្នកសឹងតែមិនដែលកត់សម្គាល់ឃើញ ដែលទម្លាប់ទាំងនោះបានជួយពួកគេឲ្យក្លាយទៅជាអ្វីដែលអ្នកឃើញសព្វថ្ងៃនេះឯង។ ហើយទម្លាប់ទាំងអស់នោះទៀតសោតគឺរួមមានទម្លាប់ខាងក្រោមនេះផងដែរ៖

១) បរិយាកាសសិក្សា ៖ អ្នកដែលរៀនពូកែទាំងនោះដឹងច្បាស់ណាស់ថាពួកគេរៀនឆាប់ចូលជាមួយនឹងបរិយាកាសបែបណា ព្រោះថាពេលរៀនម្ដងៗ អ្នកមិនត្រឹមតែប្រើប្រាស់ខួរក្បាលតែមួយមុខនោះទេ គឺអ្នកក៏ត្រូវការអារម្មណ៍ស្រស់ស្រាយផងដែរ ដែលធ្វើឲ្យការសិក្សារបស់អ្នកកាន់តែមានភាពរលូន។ អ្នកមិនបាច់ធ្វើតាមអ្នកដទៃនោះទេ តែអ្វីដែលអ្នកគួរធ្វើនោះគឺធ្វើការសិក្សាពីខ្លួនឯងបន្ថែម ថាអ្នកចូលចិត្តរៀននៅក្នុងបរិយាកាសបែបណាដែរ ហើយតើវាអាចនឹងផ្ដល់សមិទ្ធផលឲ្យអ្នកបានដល់កម្រិតណា។

២) ចេះបែកគំនិត ៖ ការខំរៀនគឺល្អហើយ តែបើអ្នករៀនដោយមិនចេះបែកគំនិត មិនចេះពង្រីកអ្វីដែលអ្នករៀននោះទេ អ្នកក៏មិនងាយលូតលាស់ទៅមុខដែរ។ ឧទាហរណ៍ថាបើថ្ងៃនេះអ្នករៀនពីមេរៀនអ្វីមួយ គ្រូបង្រៀនរបស់អ្នកក៏មិនមែនអាចបង្រៀនអ្នកបានអស់ដែរ ដូចនេះអ្នកត្រូវរៀនចេះបែកគំនិតខ្លួនឯង ស្រាវជ្រាវពីចំណេះដឹងផ្សេងៗដែលទាក់ទងមួយនឹងអ្វីដែលអ្នកទើបតែរៀនដែលធ្វើឲ្យអ្នកយល់រឹតតែស៊ីជម្រៅ។

៣) ហ្វឹកហាត់ខួរក្បាល ៖ ការគិតតិចពេកក៏មិនល្អ រីឯការគិតច្រើនពេកក៏មិនល្អដូចគ្នា តែអ្វីដែលជាការចាំបាច់នោះគឺការហ្វឹកហាត់ខួរក្បាល។ ដួចជាការរាំឬច្រៀងដែរ ប្រសិនបើអ្នកចង់ក្លាយជាអ្នកពូកែច្រៀងឬរាំគឺអ្នកត្រូវហ្វឹកហាត់ ចំណែកការសិក្សាក៏មិនមានភាពខុសគ្នាប៉ុន្មានដែរ គឺវាត្រូវការការហ្វឹកហាត់ដូចគ្នា ដើម្បីឲ្យអ្នកមានភាពសាំក៏ដូចជាមានភាពរឹងមាំជាងមុន។

៤) អានឲ្យបានច្រើន ៖ ហេតុអ្វីបានជាអ្នកមិនជំនួសពេលដែលអ្នកចំណាយពេលធ្វើអ្វីអត់ប្រយោជន៍មកជាការអានសៀវភៅវិញទៅ? អ្នកដែលរៀនពូកែភាគច្រើនមានទម្លាប់ចូលចិត្តអានសៀវភៅ មិនថាជាសៀវភៅប្រលោមលោក ប្រវត្តិសាស្ត្រ ឬចំណេះដឹងនានា។ ការអានជួយបានច្រើនណាស់ ជាពិសេសបើអ្នកអាននៅក្នុងភាសាណាដែលអ្នកកំពុងដែលរៀន ឧទាហរណ៍ថាអ្នករៀនភាសាអង់គ្លេស បើអ្នកអានសៀវភៅសៀវភៅអង់គ្លេសច្រើន នោះចំណេះដឹងផ្នែកភាសារបស់អ្នកក៏មានការកើនឡើងគួរកត់សម្គាល់ផងដែរ៕

ប្រភព៖ www.bizkhmer.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons