ក្នុងការនាម ជាសហគ្រិនម្នាក់ ប្រាកដណាស់ កាទទួលបានភាពជោគជ័យនៅក្នុអាជីព និងមុខរបររបស់ខ្លួន មិនគួរណាចាត់ទុកជាគោលដៅចុងក្រោយបំផុតសម្រាប់សហគ្រិនភាពនោះទេ តែគួរតែ ជោគជ័យរបស់ក្រុមផង របស់អតិថិជនរបស់ខ្លួនផងដែរ។ សហគ្រិនដែលតែងតែជោគជ័យគឺជាអ្នកដែលពូកែរៀបចំ និង ចាត់ចែងការងារបានច្បាស់លាស់ និងត្រឹមត្រូវ ជាពិសេសគឺមានក្រុមការងាររឹងមាំ និងយល់ចិត្តគ្នា។ ៥ ចំណុចគឺជាមូលដ្ឋានដ៏ល្អមួយសម្រាប់អ្នកដែលចង់ច្នៃជីវិតឲ្យទៅជា សហគ្រិនជោគជ័យ ( Good Entrepreneur) គឺតម្រូវការមូលធន ការច្នៃប្រឌិត ការប្តេជ្ញាចិត្ត ឪកាស និងការផ្លាស់ប្តូរប្រកបដោយវិជ្ជមាន។ ក្រៅពីគោលការណ៍នេះយើងក៏អាចកំណត់ និងធ្វើការវាស់ស្ទង់បាន ពីការបរាជ័យដែល អាចនឹងកើតឡើងតាមរយៈ៥ចំណុចនេះផងដែរ៖
១) ធ្វើការងារមិនសម្រេចតាមផែនការ
អ្នកបានបរាជ័យក្នុងមុខជំនួញរបស់ខ្លួន អាចបណ្តាលមកពីភាពភ័យខ្លាចនានាដូចជា ការចំណាយដើមទុនច្រើនក្រាស់ក្រែល និងខ្លាចថា មុខជំនួញរបស់ខ្លួននឹងមិនបានសម្រេចដល់គោលដៅជាដើម។ នេះបានធ្វើឲ្យអ្នកភ្លេចគិតទៅដល់ការប្ដេជ្ញាចិត្តក្នុងការសម្រេចគោលដៅរបស់អ្នកឲ្យបាននៅពេលខាងមុខ។
២) ដើរតួនាទីជាអ្នកគ្រប់គ្រងគ្រប់ភារកិច្ចពេក (អំណាច)
ភាព ជាសហគ្រិនបរាជ័យអាចសម្គាល់បានតាមរយៈមហិច្ឆតាមួយគឺចង់ធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង។ សហគ្រិនបែបនេះមិនមានជំនឿ ឬមានទំនុកចិត្តថា អ្នកដទៃអាចធ្វើកិច្ចការណាមួយដោយបានល្អប្រសើរដូចខ្លួននោះឡើយ។ ពោលគឺមិនទុកចិត្តអញនកដទៃ។
៣) មិនទទួលយកកំហុសរបស់ខ្លួនមកពិចារណា
ចំណុច ដែលគួរឲ្យពិចារណាមួយទៀតសម្រាប់សហគ្រិនបរាជ័យនោះគឺការមិនព្រមទទួលយក ឬ ការមិនរកឲ្យឃើញកំហុសរបស់ខ្លួនដែលបានកើតមានឡើង។ សហគ្រិនដែលមិនព្រមទទួលយក ឬ មិនដឹងកំហុសរបស់ខ្លួន ហើយគិតថាអ្វីៗនៅពេលកន្លងមក ខ្លួនបានបំពេញរួចរាល់ដោយគ្មានខ្វះចន្លោះ នោះហើយគឺជាការបាត់បង់ឱកាសនៅក្នុងមុខជំនួញរបស់ខ្លួន។
អ្នកត្រូវចាំថា ការដឹងពីចំណុចខ្សោយ និងកំហុសរបស់ខ្លួនគឺជាជំហានឆ្ពោះទៅរកភាពជោគជ័យ។ ដូច្នេះ អ្នកត្រូវស្វែងរកដំបូន្មាន និងព្រមទទួលយកកំហុសរបស់អ្នក និងកែប្រែភ្លាមៗ ដើម្បីភាពរីកចម្រើននៃសមត្ថភាពក្នុងវិស័យជំនួញរបស់អ្នក។
៤) បដិសេធន៍គំនិតអ្នកដទៃ គាំទ្រគំនិតរបស់ខ្លួនជាដរាប (អញនិយម)
ចរិតលក្ខណៈ មួយទៀតរបស់សហគ្រិនបរាជ័យនោះគឺការបោះបង់ចោលមតិទាំងឡាយណាដែលយល់ផ្ទុយពីទស្សនៈរបស់ខ្លួន ហើយគាំទ្រទស្សនៈទាំងឡាយណាដែលដើរស្របនឹងទស្សនៈ និងជំនឿរបស់ខ្លួន។ សហគ្រិនប្រភេទនេះ សម្បូរទៅដោយក្រុមអែបអប ដែលចូលចិត្តគាំទ្រ និងមានទស្សនៈដូចគ្នាតែប៉ុណ្ណោះ។ នេះមិនបានរាប់ចូលនៅក្នុងវិស័យជំនួញនោះឡើយ។ ជាសហគ្រិន ការសម្រេចចិត្តរបស់អ្នកអាចប្រសើរជាងនេះ ប្រសិនបើអ្នកជម្រុះភាពរឹងរូសរបស់អ្នក ហើយព្យាយាមយកទស្សនៈផ្ទុយគ្នាមកពិចារណា ដើម្បីរកឲ្យឃើញពីចំណុចល្អៗពីគ្រប់ជ្រុងជ្រោយជាពន្លឺក្នុងកិច្ចការអាជីវកម្ម។
៥) បដិសេធន៍ចរន្តទីផ្សារ ប្រកាន់យកគំនិតចាស់គម្រិល
ស្ថានភាព សេដ្ឋកិច្ចនៅក្នុងប្រទេសបានដើរយ៉ាងលឿនឆ្ពោះទៅមុខ។ អ្នកគ្មានដើមទុនគ្រប់គ្រាន់ធ្វើឲ្យអាជីវកម្មរីកមុខមាត់ឡើង។ ប៉ុន្តែ អ្នកនៅប្រកាន់គោលជំហរមួយ គឺបដិសេធន៍ការផ្លាស់ប្ដូរថ្មីៗ ការលើកឡើងថ្មីៗ ហើយព្យាយាមប្រើប្រាស់គំនិតហួសសម័យរបស់ខ្លួនធ្វើជាដំណោះស្រាយ។ អ្នកបានព្យាយាមបង្កើតជម្រើស យុទ្ធសាស្ត្រ និងការគាំទ្រណាមួយលើអាជីវកម្មរបស់អ្នកប្រឈមមុខនឹងបញ្ហាដែល កើតមានឡើង។ នេះពិតជារឿងត្រឹមត្រូវ តែអ្វីដែលប្រសើរជាងនេះ អ្នកត្រូវដាក់ខ្លួន និងព្រមទទួលយកការផ្លាស់ប្តូរថ្មីៗសម្រាប់មុខជំនួញរបស់ខ្លួន ដែលនេះទើបគេហៅថា សហគ្រិនប្រចាំឆ្នាំ៕
ប្រភព៖ www.hr-uyfc.com