ការបើកដំណើរការអាជីវកម្ម ត្រូវបានគេឃើញកើតមានស្ទើររាល់ថ្ងៃនៅទូទាំងពិភពលោក ដោយសហគ្រិនខ្លះទទួលបានជោគជ័យភ្លាមៗ ខ្លះប្រើពេលយូរទើបជោគជ័យ និងខ្លះទៀតត្រូវដួលខាតដើម ខាតចុងអស់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនថែមទៀត។
សហគ្រិនវ័យក្មេងជាច្រើនសព្វថ្ងៃ ត្រូវបានគេឲ្យតម្លៃ និងជំរុញលើកទឹកចិត្តយ៉ាងខ្លាំង ក្នុងការវិនិយោគជំនួញផ្ទាល់ខ្លួន ដែលពួកគេនឹងត្រូវចំណាយពេលវេលា និងលុយកាក់ជាច្រើនទៅក្នុងរបរនេះ។ តែទោះជាយ៉ាងណា មានកត្តាត្រូវប្រឈមជាច្រើនក្នុងការចាប់ផ្ដើម ដែលលោកអ្នកត្រូវតែដឹង ដោយទាក់ទងទៅនឹងចំណេះជំនាញ និងសមត្ថភាពនានា។
ចំណុចសំខាន់ទាំង ៦ខាងក្រោម ត្រូវបានគេមើលឃើញថា អ្នកត្រូវតែមានក្នុងការចាប់ប្រតិបត្តិការអាជីវកម្មមួយឲ្យបានជោគជ័យ៖
១. ការប្ដេជ្ញាចិត្ត និងឆន្ទៈក្នុងការលះបង់
ការចាប់ផ្ដើមអាជីវកម្មមួយជោគជ័យមិនងាយស្រួលឡើយ ពិសេសអាជីវកម្មថ្មីថ្មោង ដែលអតិថិជនមិនធ្លាប់ស្គាល់ ឬឃើញ។ នៅលើទីផ្សារបច្ចុប្បន្ន ដូចគ្រប់គ្នាបានជួបប្រទះហើយ គឺមានជំនួញជាច្រើនកំពុងប្រជែងគ្នា និងត្រូវប្រឹងប្រែងរិះរកយុទ្ធសាស្ត្រនានាដើម្បីទាក់ទាញអតិថិជន។
អ្វីដែលសំខាន់ពេលនេះ គឺការតាំងចិត្ត និងលះបង់ដោយត្រូវជម្នះចិត្តខ្លួនឯង សន្យាក្រោកឈរឡើងវិញ បើបរាជ័យលើកទីមួយ ឬទីពីរ។ ប្រការល្អបំផុត គឺរៀនសូត្រពីបទពិសោធន៍បរាជ័យ ហើយត្រូវគិតថាគ្មានបញ្ហាអ្វីបានកើតឡើងចំពោះអ្នកដែលគួរឲ្យបារម្ភនោះទេ។
២. ដើមទុនគ្រប់គ្រាន់
ម្ចាស់ជំនួញនឹងត្រូវចំណាយប្រាក់យ៉ាងច្រើនក្នុងការវិនិយោគ ប៉ុន្តែត្រូវស្រមៃថាវានឹងជោគជ័យយូរ ឬឆាប់មិនខាន ហើយមិនត្រូវគិតថាវានឹងខាតបង់ឡើយ។ បើដើមទុនខ្វះខាត លោកអ្នកអាចធ្វើសំណើខ្ចីពីធនាគារ ឬមនុស្សដែលទុកចិត្តលោកអ្នក។
៣. រៀនស្វែងយល់ពីបច្ចេកវិទ្យាអាជីវកម្មទំនើប
បើនិយាយពីបច្ចេកវិទ្យា គឺជាគ្រឿងមួយជុំរុញអាជីវកម្មឲ្យដើរទៅមុខយ៉ាងលឿន ដែលលោកអ្នកមិនអាចខ្វះបានក្នុងយុគសម័យជឿនលឿននេះ។ អ្នកត្រូវមានឧបករណ៍បច្ចេកវិទ្យាថ្មីៗ ប្រព័ន្ធគ្រប់គ្រងជំនួញ អ៊ីនធឺណិត មានគេហទំព័រ ឬបណ្ដាញសង្គម ដែលមានអ្នកចាំមើលច្រើន ព្រោះវានឹងជួយស្វែងរកអតិថិជនបានច្រើនក្នុងរយៈពេលខ្លី។
៤. ជំនាញមនុស្ស
ម្ចាស់អាជីវកម្ម ត្រូវតែជាមនុស្សមានជំនាញ និងបទពិសោធន៍ខ្លះៗលើវិស័យខ្លួនចង់បោះទុនវិនិយោគ។ អ្នកត្រូវតែមានទំនាក់ទំនងល្អ ពូកែនិយាយ ឬមនុស្សទឹកមាត់ប្រៃ និងរួសរាយ ដូច្នោះគ្រប់គ្នាពិតជាចង់សហការរកស៊ីជាមួយអ្នកមិនខាន។ ករណីលោកអ្នកមិនសូវមានបទពិសោធន៍ អ្នកអាចសាកសួរមិត្តភ័ក្ដិធ្លាប់ឆ្លងកាត់ ឬជួបអ្នកប្រឹក្សាយោបល់ដែលមានជំនាញ រួចចាប់ផ្ដើមអនុវត្ត។
៥. ប៉ិនប្រសព្វក្នុងការចរចា និងដោះស្រាយបញ្ហា
ជំនាញដោះស្រាយបញ្ហា គឺជាវិធីសាស្ត្រសំខាន់បំផុតសម្រាប់ម្ចាស់ជំនួញ ព្រោះជៀសមិនផុតអ្នកនឹងត្រូវប្រឈមមុខជាមួយរឿងរ៉ាវជាច្រើនដែលត្រូវរកច្រកចេញ។ មិនត្រូវគិតថាបញ្ហាទាំងនោះអ្នកដោះស្រាយមិនរួចទេ ស្វែងរកវិធីម្ដងមួយជំហានៗ ដោយជឿជាក់ថាអ្នកប្រាកដជាធ្វើបាន។ មនុស្សជាច្រើនបានបរាជ័យក្នុងការដោះស្រាយបញ្ហា ព្រោះមិនដឹងវិធី នាំឲ្យបាក់ទឹកចិត្ត រួចជំនួញទាំងនោះដួលទៅតាមដែរ។ ដើម្បីក្លាយជាមនុស្សពូកែចំណុចទាំងនេះ អ្នកត្រូវអានសៀវភៅដែលទាក់ទងឲ្យបានច្រើន និងតាមដានព័ត៌មានឲ្យជាប់ជាប្រចាំ។
៦. អាជីវកម្មខុសពីអ្នកដទៃ
ការរកស៊ីតាមៗគ្នានៅកន្លែងក្បែរៗគ្នាទៀត អ្នកនឹងជួបការប្រកួតប្រជែង និងបញ្ហាប្រឈមខ្ពស់ ក្នុងការទាក់ទាញអតិថិជន។ គំនិតផ្ដួចផ្ដើមក្នុងអាជីវកម្ម ត្រូវតែខុសប្លែកពីអ្នកដទៃ ឬអាចច្នៃប្រឌិតពីអាជីវកម្មដែលគេមានស្រាប់ ធ្វើយ៉ាងណាត្រូវតែថ្មី ដែលមនុស្សទូទៅពុំទាន់មាន តែត្រូវការចាំបាច់៕
ប្រភព៖ news.sabay.com.kh