ពាណិជ្ជកម្មជោគជ័យត្រូវស្គាល់ SWOT

swot

ស្គាល់ខ្លួនឯង ឬស្គាល់អ្នកដទៃមិនមែនជាការងារងាយស្រួលនោះទេ ពេលខ្លះស្គាល់ខ្លួនឯងវាពិបាកជាងស្គាល់អ្នកដទែ ទៅទៀត។ មនុស្សបរាជ័យភាគច្រើនគឺជាមនុស្សដែល មិនស្គាល់ខ្លួនឯងច្បាស់។ ការស្គាល់ពីចំណុចខ្លាំង និងចំណុច ខ្សោយខ្លួនឯងវាជារឿងសំខាន់បំផុត ពីព្រោះថាមនុស្សម្នាក់ៗរស់នៅក្នុងសង្គម មិនអាចរស់នៅតែឯងឯកោ បានទេ។ ការស់នៅក្នុងសង្គមគឺជាការរស់នៅដោយការប្រកួតប្រជែងដោយស្មោះត្រង់ ទៅតាមសង្គម។ ទាំងរូបវន្តបុគ្គល ក៏ដូចជា នីតិបុគ្គលដែរ ដើម្បីដឹងពីខ្លួនឯងច្បាស់តើត្រូវយល់ដឹងចំណុចអ្វីខ្លះ ?

SWOT គឺជាអ្វី? គឺជាគោលការណ៍គ្រប់គ្រងការងារទាំងរដ្ឋ និងឯកជន គឺជាការវិភាគពីស្ថានភាពរបស់អង្គភាព ឬស្គាល់ពីអង្គភាពអោយបានច្បាស់លាស់ដើម្បីកំណត់យុទ្ធសាស្ត្រគ្រប់គ្រង។ ការកំណត់យុទ្ធសាស្ត្រគ្រប់គ្រងនេះវាគឺជារឿងសំខាន់ និងចាំបាច់ ពីព្រោះក្រៅពីធ្វើឱ្យអ្នកគ្រប់គ្រងដឹងពីការផ្លាស់ប្តូរផ្សេងៗដែលកើតឡើងហើយនោះ ការវិភាគនេះក៏បានកំណត់ការងារដើម្បីសម្រេចតាមគោលបំណង និងទិសដៅដែលគ្រោងទុក ស្របតាមទ្រឹស្តីហៅថា SWOT ជាឧបករណ៍ក្នុងការប៉ាន់ស្មានពីស្ថានភាព។

សម្រាប់ពាណិជ្ជករអនឡាញអាចមិនសូវស្គាល់ច្បាស់ពាក្យថា SWOT ហើយអាចមិនដឹងពីអត្ថន័យ និងមិនដឹងថាយកទៅប្រើយ៉ាងដូចម្តេចជាមួយអាជីវកម្មអនឡាញ ។ ពាក្យថា SWOT គឺជាយុទ្ធសាស្ត្រ ឬវិធីសាស្ត្រទីផ្សារមួយបែបដែលមានអត្ថន័យមកពីអក្សរកាត់របស់ភាសាអង់គ្លេស៤តួ គឺ ៖

– S ឬ Strengths ៖ ជាចំណុចខ្លាំងទាំងឡាយនៅក្នុងអង្គភាព ដែលធ្វើឱ្យកើតនូវភាពរឹងមាំ ដែលចំណុចខ្លាំងនេះអាចយកប្រៀបលើគូប្រកួតប្រជែងបាន ។ វាជាគុណសម្បត្តិដែលកើតពីបរិយាកាសជុំវិញនៃស្ថាប័នដូចជា ចំណុចខ្លាំងខាងហិរញ្ញវត្ថុ ការផលិត ប្រភពធនធាន និងគុណភាពទំនិញ ដែលអាជីវកម្មអនឡាញត្រូវប្រើជាប្រយោជន៍ក្នុងការកំណត់យុទ្ធសាស្ត្រទីផ្សារ ។

-W ឬ Weaknesses ៖ ជាចំណុចខ្សោយនៅក្នុងអង្គភាពដែលធ្វើឱ្យកើតជាភាពទន់ខ្សោយឬជាការចាញ់ប្រៀបគូប្រជែង ។ វាជាបញ្ហា ឬភាពអវិជ្ជមានចេញពីផ្ទៃក្នុងដែលពាណិជ្ជករអនឡាញត្រូវស្វែងរកដំណោះស្រាយបញ្ហានោះឱ្យខាងតែបាន។

-O ឬ Opportunities ៖ មានន័យថា ជាឱកាសសំដៅលើកត្តាផ្សេងៗនៅខាងក្រៅដែលរួមចំណែកជាប្រយោជន៍ ។ ឱកាសអាចជួយលើកកម្ពស់ដល់ការដឹកនាំអាជីវកម្មបានដូចជា លក្ខខណ្ឌសេដ្ឋកិច្ចដែលបង្កើនទម្រង់ ។ ភាពខុសគ្នារវាងចំណុចខ្លាំង និងឱកាសនៅក្នុងការធ្វើអាជីវកម្ម គឺជាកត្តាដែលកើតពីបរិយាកាសខាងក្នុង ចំណែកឱកាសគឺជាលទ្ធផលពីបរិយាកាសខាងក្រៅ ។ ក្នុងរឿងនេះពាណិជ្ជករអនឡាញដែលល្អ ត្រូវតែស្វែងរកឱកាសជាប់ជាប្រចាំ ដើម្បីយកមកប្រើជាប្រយោជន៍សម្រាប់បង្កើនការលក់។

-T ឬ Threats ៖ ជាឧបសគ្គផ្សេងៗនៅខាងក្រៅ ដែលរារាំងដល់ការប្រតិបត្តិការអាជីវកម្ម ។ វាជាការរឹតបន្តឹងកើតពីបរិយាកាសខាងក្រៅ ពាណិជ្ជករចាំបាច់ត្រូវរៀបចំយុទ្ធសាស្ត្រទីផ្សារឱ្យសមស្រប និងព្យាយាមលុបបំបាត់ឧបសគ្គដែលកើតឡើងឱ្យអស់ និងទាន់ពេលវេលា ។

SWOT គឺជាយុទ្ធសាស្ត្រទីផ្សារ៤ចំណុចរួមមាន ៖ ចំណុចខ្លាំង គឺជាឱកាសដ៏ល្អបំផុតរបស់អាជីវកម្ម, ចំណុចខ្សោយ ជាការចាញ់ប្រៀបខាងអាជីវកម្ម, ឱកាស ជាកត្តារួមចំណែកដល់ប្រយោជន៍ក្នុងការអនុវត្តអាជីវកម្មបានតាម ផែនការទីផ្សារដែលកំណត់ទុក ហើយចំណុចចុងក្រោយ គឺឧបសគ្គ អាចជះឥទ្ធិពលដល់ដំណើរការរបស់អាជីវកម្ម។

នៅពេលបានដឹងពីអត្ថន័យរបស់ SWOT គឺជាអ្វីហើយនោះ ពាណិជ្ជករក៏ដូចជាមនុស្សទូទៅក៏អាចយកមកប្រើជាឧបករណ៍ក្នុងការវិភាគស្ថានភាពសម្រាប់កំណត់ផែនការទីផ្សារឱ្យសមស្របជាមួយកត្តាទាំង៤ខាងលើបានផងដែរ ដែលធ្វើឱ្យអាជីវកម្ម ឬបុគ្គលផ្ទាល់ខ្លួនទទួលបានជោគជ័យយូរអង្វែង៕

ប្រភព៖ bizdoctors.asia

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons