ធនាគារជាតិនៃកម្ពុជាបានធ្វើការព្រមានយ៉ាងធ្ងន់ៗទៅតាមមាត្រានៃច្បាប់ប្រទេសកម្ពុជាដែលលើកតាមហ្វ៊េសប៊ុករបស់ខ្លួនថា ប្រសិនណាជនណាដែលពុំទទួលចាយប្រាក់រៀលរបស់កម្ពុជានោះទេ នឹងត្រូវជាប់ទោសពន្ធនាគារព្រមទាំងពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរផងដែរ។
ការព្រមាននេះបានធ្វើឡើងបន្ទាប់អំពីមានការផ្សព្វផ្សាយព័ត៌មានជាច្រើនតាមបណ្តាញសង្គមហ្វ៊េសប៊ុក ពីការមិនទទួលយករបស់ម្ចាស់អាជីវកម្មមួយចំនួននូវក្រដាសប្រាក់១០ម៉ឺនរៀល និង ៥០ ០០០រៀល។
នៅក្នុងគេហទំព័រ ហ្វ៊េសប៊ុករបស់ធនាគារនេះ បានបង្ហោះពីច្បាប់ដាក់ទោសទណ្ឌដល់ជនណាដែលមិនទទួលយកការទូទាត់ជាប្រាក់រៀលដោយបង្ហាញថា ៖ «ជនណាពុំព្រមទូទាត់រូបិយវត្ថុដេលមានតម្លៃនីត្យានុកូលនិងមានតេជានុភាពធ្វើសេរីការលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង១០០ដងនៃទឹកប្រាក់ដែលពុំព្រមទូទាត់»។
NBCបានឲ្យដឹងថា ដូចមានចែងក្នុងមាត្រាទី៤៣ និង៦៤នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា ដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៦៩/២៧ ចុះថ្ងៃទី២៦ខែមករា ឆ្នាំ១៩៩៦ «ក្នុងពេលដែលមិនបានដកចេញពីចរាចរទេនោះ ក្រដាសប្រាក់ដែលបោះផ្សាយដោយធនាគារកណ្តាល គឺជារូបិយវត្ថុមានតម្លៃនីត្យានុកូលក្នុងព្រះរាជាណាចក្រកម្ពុជា និងមានតេជានុភាពធ្វើសេរីការគ្មានព្រំដែន»។
ការដោះដូរពាណិជ្ជកម្ម និងការចាយវាយទូទៅនៅកម្ពុជាត្រូវបានគ្របដណ្តប់ដោយប្រាក់ដុល្លារភាគច្រើន។
ឈ្មួញមួយចំនួនធ្លាប់ត្អូញត្អែរថា ការដែលពួកគេពុំចង់យកប្រាក់រៀលដោយសារប្រាក់រៀលថោក (១ដុល្លារ ប្រហែល៤០០០រៀល) ធ្វើឲ្យគេលំបាករាប់លុយ។
សូមបញ្ជាក់ថា កាចាយប្រាក់នៅកម្ពុជាពុំមានការហាមប្រាមអ្វីឡើយក្នុងការចាយប្រាក់បរទេស អាចចាយដោយសេរីខុសពីបណ្តាប្រទេសជិតខាង។
មន្ត្រីធនាគារមួយរូបធ្លាប់លើកថា ដោយសារទាំង កម្ពុជា និងប្រទេសមួយចំនួន ចាយប្រាក់ដុល្លារអាមេរិក ភាគច្រើន នោះ ធ្វើឲ្យសេដ្ឋកិច្ច អាមេរិកើនឡើងយ៉ាងប្រសើរ។ មន្ត្រីនិយាយថា សេដ្ឋកិច្ចអាមេរិកមួយផ្នែកបានមកពីចំណូលនៃការបោះពុម្ពលុយឲ្យប្រទេសតូចៗ ឬប្រទេសចាយប្រាក់ដុល្លារអាមេរិកផងដែរ។ លោកប៉ាន់ប្រមាណថាការបោះពុម្ពប្រាក់១០០ដុល្លារ គឺចំណាយដើមតែ៥ដុល្លារប៉ុណ្ណោះ រីឯ៩៥ដុល្លារអាមេរិកជាអ្នកចំណេញ៕
ប្រភព៖ www.dnt-news.com